ក្នុងជំនួបការងារនៅស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្ដីជាន់ខ្ពស់ទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសិ-ពាណិជ្ជកម្ម ការជំរុញការវិនិយោគលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរកម្ពុជា-ចិន។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នៅក្រោយចប់ជំនួបការងារ រវាងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងលោកស្រី Zhong Jie អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងលោក Xue Dong ដែលជាអគ្គទីប្រឹក្សាថ្មី កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា នាឱកាសនៃជំនួប ភាគីកម្ពុជា-ចិន បានរំលេចអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្មលើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសមិទ្ធផលក្នុងការចូលរួមកសាងមន្ទីរពិសោធន៍ជាតិសិត្បូ ដែលបម្រើឱ្យផលប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។
បន្ថែមពីនេះ ក្រៅពីការលើកឡើងពីប្តេជ្ញាចិត្តខាងលើនេះ លោក Xue Dong បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ទៀតថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងថែមទៀត និងផ្តល់ផលចំណេញសម្រាប់ប្រជាជាតិទាំងពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី




