អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បើកកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ លើការត្រៀមរៀបចំព្រឹត្តិការណ៍អម គឺ «ភូមិហ្វ្រង់កូហ្វូនី» និង «ហ្វ្រង់កូតិច» សំដៅធ្វើឱ្យការរៀបចំព្រឹត្តិការណ៍អមទាំងពីរ មានភាព អធិកអធម ដើម្បីលើកមុខមាត់កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការជាតិ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន វិស័យ ឯកជន និងដៃគូពាក់ព័ន្ធ លើការត្រៀមរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីព័ត៌មានទូទៅ និងសកម្មភាពគន្លឹះៗ ដែលគ្រោងនឹងរៀបចំក្នុងព្រឹត្តិការណ៍ អមទាំងពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village Francophonie) និង «ហ្វ្រង់កូតិច» (FrancoTech) ក៏ដូចពិភាក្សា និងកៀរគរការចូល រួមក្នុងភាពជាដៃគូសហការ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍អមទាំងពីរកាន់តែមានភាពអធិកអធម ដើម្បីលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
លោកជំទាវកិត្តិបណ្ឌិត ជម្រាបជូនអង្គប្រជុំពីទិដ្ឋភាពទូទៅនៃការរៀបចំព្រឹត្តិការណ៍អមទាំងពីរ ដោយក្នុងនោះព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី្ត ។ ដោយឡែកចំពោះព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» (FrancoTech) នឹងរៀបចំក្រោមប្រធានបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» គ្រោងនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តម ហួត ហាក់ គូសបញ្ជាក់ថា ឆ្នាំ២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» នេះមិនត្រឹមតែជាមោទនភាពជាតិ ប៉ុណ្ណោះទេ វាក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោក ហើយនេះ ក៏ជាឱកាសសម្រាប់ធ្វើការបង្ហាញនូវវប្បធម៌ និងទំនៀមទំលាប់នៃប្រទេសជាសមាជិកជាង៩០ប្រទេស ផលិតផល និងសេវាកម្ម របស់សហគ្រិនទាំងអស់ ជូនដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក គណៈប្រតិភូពីគ្រប់ទ្វីប និងសាធារណជន ដែលរំពឹងថា នឹងមកទស្សនា ជាង១០ម៉ឺននាក់ នៅក្នុងអំឡុងការរៀបចំព្រឹត្តិការណ៍នោះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ សូមនាំយកនូវវប្បធម៌ ការនាំយកនូវផលិតផល និងសក្តានុពលដ៏ សម្បូរបែបពីប្រទេសរបស់ខ្លួន មកដាក់តាំងបង្ហាញនៅក្នុងភូមិហ្វ្រង់កូហ្វូនីនេះឱ្យបានច្រើនកុះករ ដែលនេះគឺជាឱកាសដ៏កម្រ និងជា ប្រវត្តិសាស្រ្ត ដោយក្នុងព្រឹត្តិការណ៍នោះនឹងមានបណ្តាញសារព័ត៌មានធំៗចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក ក្រៅពីនេះឯកឧត្តម ក៏បានអំពាវនាវដល់វិស័យឯកជនក្នុងស្រុកទាំងអស់ ចូលរួមដាក់បង្ហាញនូវផលិតផលរបស់ខ្លួន ព្រោះព្រឹត្តិការណ៍នោះមិនត្រឹមជា វេទិកាកាទូតប៉ុណ្ណោះទេ វាក៏ជាកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មបង្ហាញទៅកាន់ពិភពលោកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី












