ការប្រកាសកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកថា ខ្លួននឹងកាត់បន្ថយវត្តមានយោធានៅអឺរ៉ុប រួមជាមួយនឹងទំនាក់ទំនងដ៏តានតឹងរបស់សហភាពអឺរ៉ុប(EU) ជាមួយរុស្ស៊ី បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខនៅទូទាំងប្លុក និងបានពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពយោធា។
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសបែលហ្ស៊ិក លោក Theo Francken បានប្រកាសពីផែនការវិនិយោគទឹកប្រាក់ចំនួន៣,៧ពាន់លានអឺរ៉ូ ឬ៤,២៧ពាន់លានដុល្លារអាមេរិក លើនវានុវត្តន៍ការពារជាតិនៅទសវត្សរ៍បន្ទាប់។ ក្រសួងការពារជាតិ បាននិយាយថា ការវិនិយោគនេះ មានគោលបំណងជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងពង្រឹងឧស្សាហកម្មការពារជាតិរបស់ប្រទេស។
ប្រទេសនានា រួមមានអាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ និងរ៉ូម៉ានី ក៏បានប្រកាសពីផែនការវិនិយោគថ្មីលើការចំណាយលើវិស័យការពារជាតិ ការផ្គត់ផ្គង់យោធា និងការផលិតសព្វាវុធផងដែរ ខណៈយន្តការផ្តល់ហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបដើម្បីពង្រឹងការត្រៀមការពារជាតិ បានចូលដល់ដំណាក់កាលអនុវត្ត ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ។
កាលពីថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានព្រមានអំពីលទ្ធភាពនៃការវាយប្រហារលើរដ្ឋជាសមាជិកណាតូ និងបានប្រកាសពីផែនការបង្កើនការចំណាយលើវិស័យការពារជាតិដល់២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ចាប់ពីឆ្នាំ២០២៧ ជាមួយនឹងការបង្កើនបន្ថែម ដល់៣ភាគរយ ដែលបានគ្រោងទុកនៅពេលក្រោយ។

