អង្គការណាតូបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងកាត់បន្ថយចំនួនកងទ័ពក្នុងបេសកកម្មរក្សាសន្តិភាពរបស់ខ្លួន នៅប្រទេសកូសូវ៉ូ ដោយសារស្ថានភាពសន្តិសុខ បានប្រសើរឡើង។
បេសកកម្ម KFOR (កងកម្លាំងកូសូវ៉ូ) ដែលបច្ចុប្បន្នមានកងទ័ព ៤.៦០០នាក់ ត្រូវបានឈរជើង នៅប្រទេសកូសូវ៉ូ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមឆ្នាំ ១៩៩៨-១៩៩៩ រវាងក្រុមឧទ្ទាមបំបែកខ្លួនជនជាតិ អាល់បានី និងកងកម្លាំងស៊ែរប៊ី។

លោកឧត្តមសេនីយ៍អាមេរិក Alexus Grynkewich មេបញ្ជាការយាធាជាន់ខ្ពស់របស់អង្គការណាតូប្រចាំទ្វីបអឺរ៉ុប បានលើកឡើងថា៖«លក្ខខណ្ឌបច្ចុប្បន្នផ្តល់ឱកាស ដើម្បីបង្កើនប្រសិទ្ធភាពទំហំ និងឥរិយាបថរបស់បេសកកម្ម KFOR បន្ថែមទៀត»។
អង្គការណាតូបាននិយាយថា៖«ការកាត់បន្ថយដែលបានកំណត់ចំនួន» ត្រូវបានគេរំពឹងថា នឹងកើតឡើង នៅឆ្នាំនេះ ហើយការកាត់បន្ថយនឹង «កើតឡើងជាបណ្តើរៗ និងស្របតាមលក្ខខណ្ឌជាក់ស្តែង ហើយអាចត្រូវបានផ្លាស់ប្តូរ៕
