ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ១៩។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ថា វិស័យទេសចរណ៍ ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បន្តស្ថិតក្នុងស្ថានភាពល្អ ខណៈនៅចុងសប្តាហ៍ទី៣ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសានេះ មានទេសចរចេញដើរកម្សាន្តប្រមាណជាង៣៣ម៉ឺននាក់។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា នៅក្នុងចំណោមទេសចរទាំង៣៣ម៉ឺននាក់ចេញដើរកម្សាន្ត គឺមានភ្ញៀវជាតិមានជាង៣១ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនជិត ១៦០០០នាក់ ហើយគោលដៅទេសចរណ៍សំខាន់ៗ មានភ្ញៀវទៅកម្សាន្តច្រើនជាងគេរួមមាន៖ទី១ ខេត្តព្រះសីហនុមានភ្ញៀវទៅកម្សាន្ត ៥៥០០០ ទី២ខេត្តបាត់ដំបង មានជាង៤ម៉ឺននាក់ ទី៣ ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ បន្ទាប់មក ខេត្តកំពត ខេត្តកែប និងខេត្តសៀមរាប។
ឯកឧត្តម ថោង ខុន បានវាយតំលៃថា ចំនួនភ្ញៀវប្រមាណជិត ៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ ជាចំនួនមួយច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។
បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា បានថ្លែងថា ជាទូទៅគ្រប់បណ្តាអាជីវកម្មទេសចរណ៍នានា តែងតែមានតម្រូវការខ្លាំងនិងមានកំណើនភ្ញៀវទេសចរជាតិអន្តរជាតិចេញដើរកម្សាន្ត នៅរៀងរាល់ចុងសប្តាហ៍នានា។
លោក បន្តថា វត្តមានភ្ញៀវទេសចរជាតិអន្តរជាតិ ចេញដើរកម្សាន្តច្រើននៅតាមថ្ងៃឈប់សំរាកប្រចាំចុងសប្តាហ៍នោះ គឺសញ្ញាវិជ្ជមានមួយដ៏ល្អប្រសើរបំផុតនៃការរីកចំរើនវិស័យទេសចរណ៍កម្ពុជា ជាពិសេសបំផុតនោះ គឺការជម្រុញអោយបណ្តាអាជីវកម្មនានានៅក្នុងនៅក្នុងវិស័យទេសចរណ៍ មានដំណើរការបើកឡើងវិញ ក៏ដូចជម្រុញចរន្តសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើនផងដែរ។
បើតាមក្រសួងទេសចរណ៍ នៅក្នុងអំឡុងពេលចេញដើរកម្សាន្តនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ គឺជាមធ្យមភ្ញៀវទេសចរជាតិអន្តរជាតិម្នាក់ៗចំណាយថវិកាអស់ប្រមាណ៥០ដុល្លា ដើម្បីធ្វើដំណើរ ស្នាក់នៅ និងការម្ហូបអាហារនានា និងចំណាយនានាទៀត។
ឯកឧត្តម ណេប សាមុត បញ្ជាក់ថា នៅក្នុងចំណោមអាជីវកម្មទេសចរណ៍ប្រមាណជាង ៣ ០០០ ទីតាំងដែលបានបិទបណ្តោះអាសន្នកន្លងមក គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២ មានអាជីវកម្មទេសចរណ៍ប្រមាណជាង ១ ៧៤៩ អាជីវកម្ម បានកំពុងបើកដំណើរការ ហើយនៅសល់អាជីវកម្មទេសចរណ៍ ១ ៤២៩ ទីតាំងបន្តរងប៉ះពាល និងប៉ះពាលការងារផ្ទាល់ប្រមាណជាង ជិត ២៤ ០០០ នាក់ ស្មើនឹង២៦.៤១ភាគរយ ៕អត្ថបទ ស៊ុម សុខជា