ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អឺរ៉ុប ២រូប សារព័ត៌មាន New York Times (NYT) បានរាយការណ៍នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយយន្តហោះ និងនាវាចម្បាំងយ៉ាងច្រើន ដែលខ្លួនផ្តល់ជូន សម្រាប់ប្រតិបត្តិការរបស់អង្គការណាតូ (NATO) នៅតំបន់អឺរ៉ុប ។
សេចក្ដីរាយការណ៍នេះបានឲ្យដឹងថា ការសម្រេចនេះនឹងកម្រិតសមត្ថភាពរបស់អង្គការណាតូ ក្នុងការបើកការវាយប្រហារចម្ងាយឆ្ងាយ និងធ្វើការឃ្លាំមើល។
របាយការណ៍នេះបានបញ្ជាក់ថា ផែនការរបស់សហរដ្ឋអាមេរិក រួមមានការកាត់បន្ថយចំនួនយន្តហោះចម្បាំង F-16 និង F-15E ពីប្រហែល ១៥០គ្រឿង មកត្រឹម ១០០គ្រឿង ក៏ដូចជាការកាត់បន្ថយយន្តហោះឈ្លបយកការណ៍នៅសមុទ្រ ពី ២៦គ្រឿង មកត្រឹម ១៥គ្រឿង និងការដកយន្តហោះដឹកប្រេងឥន្ធនៈទាំង ៨គ្រឿង ដែលខ្លួនធ្លាប់ផ្តល់ឲ្យអឺរ៉ុប។
ជាមួយគ្នានេះ សារព័ត៌មាន NYT បានឲ្យដឹងទៀតថា គម្រោងនេះក៏មានគោលបំណងចល័តទៅទីតាំងផ្សេងនូវនាវាមុជទឹកបាញ់មីស៊ីល និងនាវាផ្ទុកយន្តហោះ រួមជាមួយនឹងនាវាចម្បាំងជាច្រើនគ្រឿង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលចូលរួមក្នុងបេសកកម្មរបស់នាវាផ្ទុកយន្តហោះ ដោយបន្ថែមថា ក្រុមយន្តហោះទម្លាក់គ្រាប់បែកមួយ ក្នុងចំណោម ២ក្រុមដែលពីមុនត្រូវបានចាត់តាំង សម្រាប់ការពារជាតិអឺរ៉ុប ក៏អាចនឹងត្រូវបានផ្លាស់ប្តូរទីតាំងផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានទេ។ ហើយអង្គការណាតូ និងក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងរបាយការណ៍នេះ៕


