តារាចម្រៀងស្រី Shakira និងអ្នកចម្រៀងប្រុសសញ្ជាតិនីហ្សេរីយ៉ា Burna Boy បានធ្វើឲ្យអ្នកទស្សនាអង្គុយមិនជាប់នឹងកៅអីរបស់ពួកគេ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (2026 World Cup) នៅឯកីឡដ្ឋាន Estadio Azteca កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នៅមុនការប្រកួតបើកឆាក រវាងក្រុមសហម្ចាស់ផ្ទះ គឺម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។
អំឡុងការសម្ដែងដ៏គួរឲ្យជក់ចិត្តនោះ គេបានឃើញអ្នករាំនាំគ្នារាំជុំវិញពានចម្លង World Cup ខណៈពេលដែលកាំជ្រួចភ្ញីបានផ្ទុះឡើងនៅឯពហុកីឡដ្ឋានប្រវត្តិសាស្ត្រដែលអាចផ្ទុកមនុស្ស ៨០.០០០នាក់ ជាទីដែលធ្លាប់បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៧០ និងឆ្នាំ១៩៨៦ ហើយត្រូវបានជួសជុលឡើងវិញ សម្រាប់ការប្រកួតឆ្នាំនេះ។
នៅក្នុងពេលវេលាដ៏គួរឲ្យរំភើបខ្លាំងនៃពិធីបើកនេះ តារាចម្រៀងស្រីសញ្ជាតិកូឡុំប៊ី Shakira និងអ្នកចម្រៀង Burna Boy បានច្រៀងរួមគ្នានូវបទ «Dai Dai» ដែលជាបទចម្រៀងផ្លូវការនៃការប្រកួតបាល់ទាត់កម្រិតពិភពលោក ខណៈសំឡេងហ៊ោកញ្ជ្រៀវលាន់ចេញពីហ្វូងមនុស្សយ៉ាងកងរំពងពេញកីឡដ្ឋាន។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់របស់ពិភពលោកដែលតែងកើតមានឡើង ៤ឆ្នាំម្ដង និងដែលមាន ៤៨ក្រុមចូលរួមនេះ ក៏កំពុងត្រូវបានធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក និងកាណាដាផងដែរ ហើយនឹងមានការប្រកួតចំនួន ១០៤ប្រកួត ដែលវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅរដ្ឋ New Jersey នាថ្ងៃទី១៩ ខែកក្កដា៕


