ព្រះសីហនុ៖ បណ្តាអាជីវកម្មក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ រួមមានសណ្ឋាគារលំដាប់ផ្កាយ តំបន់រមណីយដ្ឋានៗនានា នៅតាមឆ្នេរ និងកោះនានា បានបង្កើនកិច្ចសហការជាមួយក្រុមហ៊ុនការីទេសចរណ៍ ត្រៀមទទួលភ្ញៀវអន្តរជាតិ ដែលមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍ ដែលនឹងកើនឡើងមានឡើងច្រើននៅខែបន្ទាប់ខាងមុខនេះ។
តំណាងម្ចាស់សណ្ឋាគារ និងម្ចាស់រមណីយដ្ឋានទេសចរណ៍ប្រណិតនៅខេត្តព្រះសីហនុ បានថ្លែងប្រាប់BTVនៅថ្ងៃទី២៥ ខែមេសានេះថា អាជីវកម្មទេសចរណ៍មួយចំនួនដែលបានបិទបណ្តោះអាសន្ន អស់រយៈពេលប្រមាណជា២ឆ្នាំកន្លងមក ដោយសារគ្មានភ្ញៀវចូលទទួលសេវា ក្នុងវិបត្តិការរាតត្បាតកូវីដ១៩នោះ រហូតមកដល់ពេលនេះគឺមានអាជីវកម្មមួយចំនួនធំបានរៀបចំបើកមកវិញជាបណ្តើរៗ ហើយ បាននិងកំពុង ជម្រុញបើកកិច្ចសហការជាមួយជាមួយបណ្តាក្រុមហ៊ុនការីទេសចរណ៍និងក្រុមហ៊ុនដៃគូនានាទៀត ត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិទៅតាមបរិបថ្មីក្រោយស្ថានការណ៍កូវីដ១៩ មានការធូរស្រាល។
បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា នៅក្នុងអំឡុងចាប់ពីខែកញ្ញា ក្នុងឆ្នាំ២០២២ នៅគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូចជានៅបណ្តាគោលដៅទេសចរណ៍នៅតាមបណ្តាខេត្តនានាទៀត នឹងមានភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញមកទស្សនាកម្ពុជា ខណៈនៅក្នុងរដូវចាប់ពីខែតុលារហូតដល់ដំណាច់ឆ្នាំនោះ គឺជារយៈពេលមួយដែលភ្ញៀវទេសចរអន្តរជាតិនៅតាមបណ្តាប្រទេសនឹងឈប់សំរាកវិស្សមកាលការងារច្រើន ហើយខេត្តព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលនឹងមានភ្ញៀវអន្តរជាតិទៅទស្សនាច្រើន។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្លែងថា នៅខេត្តព្រះសីហនុនៅពេលបច្ចុប្បន្ននេះ មានអាជីវកម្មទេសចរណ៍ប្រមាណជាង៤០% បានបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ហើយអាជីវកម្មដែលបានប្រកាសបើកដំណើរការទាំងនោះ ភាគច្រើន ជាអាជីវកម្មសណ្ឋាគារ ផ្ទះស្នាក់ ភោជនីយដ្ឋាន មណ្ឌលកម្សាន្ត និងរមណីយដ្ឋានទេសចរណ៍ និងអេកូទេសចរណ៍នានាទៀត។
លោក បន្តថា នៅក្នុងអំឡុងពេលនេះ ខេត្តកំពុងបានសហការជាមួយបណ្តាសមាគមCATA និងបណ្តាក្រុមហ៊ុនការីទេសចរណ៍នានាទៀត ដើម្បីជម្រុញការផលិផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ថ្មីៗបន្ថែម ទៅក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់លក់ជូនភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសអោយបានច្រើន និងមានភាពសម្បូរបែប សំដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកពីក្រៅប្រទេស៕ អត្ថបទ ស៊ុម សុខជា