
បាវិត៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងកម្មករ-កម្មការិនីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក្នុងយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កម្មករ-កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក៏ដូចជាក្នុងក្រុងបាវិតទាំងមូល។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បងប្អូនកម្មករ-កម្មការិនី ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើនសង្គមជាតិ តាមរយៈការបំពេញការងារនៅបណ្តារោងចក្រ និងសហគ្រាសនានាក្នុងប្រទេសកម្ពុជា។
ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕







