សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលប្រាប់ចំណុចសំខាន់ដែលពាក់ព័ន្ធនឹងទំនិញថៃថា ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរយ៉ាងដូច្នេះថា «អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូច និងឈ្មួញ ទុច្ចរិតទើបទំនិញថៃថ្មីៗ បាននាំចូលមកប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺ និងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ (ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។»
សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស ពិសេសទំនិញ គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាម(ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើការជាធម្មតា។
សម្ដេចតេជោបន្តទៀតថា ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ និងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានភាគីថៃបិទ ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់ គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសាម៉ីខ្លួន ទាំងជាតិសាសន៍៕












