អ៊ុយក្រែន៖ ការប្រយុទ្ធគ្នាខ្លាំងនៅតែបន្តក្នុងប្រទេសអ៊ុយក្រែន ខណៈកាលពីថ្ងៃអាទិត្យគឺជាថ្ងៃប្រារព្ធខួប ២ខែចាប់តាំងពីការវាយលុករបស់រុស្ស៊ីមកលើអ៊ុយក្រែនបានចាប់ផ្ដើម។ ទាហានរុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើភាគខាងកើតរបស់អ៊ុយក្រែន និងតំបន់ផ្សេងទៀត។
អភិបាលក្រុង Serhiy Haidai នៃតំបន់ Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន បានសរសេរនៅលើគេហទំព័ររបស់រដ្ឋបាលតំបន់កាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅលើតំបន់លំនៅឋានពលរដ្ឋ នៅភាគខាងលិចបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ និងរបួស ២នាក់ទៀត។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានសរសេរនៅលើបណ្តាញ Twitter ថា រុស្ស៊ីកំពុងបន្តវាយប្រហាររោងចក្រស្លដែកក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងកើត ហើយកន្លែងដែលជនស៊ីវិល និងយោធាស្ថិតនៅត្រូវបានបាញ់ផ្លោងដោយគ្រាប់ផ្លោងតាមអាកាស និងកាំភ្លើងធំ។ ក្នុងពេលមានការវិវត្តន៍ទាំងនេះ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងដំណើរការ ដើម្បីសម្របសម្រួលបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន។
ការិយាល័យប្រធានាធិបតីទួរគីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីលោក Recep Tayyip Erdogan បានថ្លែងទៅកាន់សមភាគីអ៊ុយក្រែនរបស់លោកគឺលោក Volodymyr Zelenskyy ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ ដែលអាចធ្វើទៅបានសម្រាប់ដំណើរការចរចា។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin នៅទីក្រុងមូស្គូនៅថ្ងៃអង្គារ និងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងទីក្រុងគីវនៅពីរថ្ងៃបន្ទាប់៕
អត្ថបទ៖ ប៊ុនថន