ប្រព័ន្ធផ្សព្វផ្សាយ BBC និយាយថា រុស្ស៊ីបានបាត់បង់ទាហានជាង ២២០.០០០នាក់ ចាប់តាំងពីការវាយលុកនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ BBC និយាយថា មនុស្សជាច្រើនត្រូវបានសម្លាប់ដោយយានដ្រូន ហើយចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ។ ស្ថាប័នផ្សព្វផ្សាយសាធារណៈរបស់អង់គ្លេសមួយនេះ បានសិក្សារួមអំពីការបាត់បង់របស់រុស្ស៊ីជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី Mediazona និងក្រុមអ្នកស្ម័គ្រចិត្ត។
ពួកគេបានប្រើប្រាស់ទិន្នន័យប្រភពបើកចំហ រួមទាំងការចេញផ្សាយជាផ្លូវការនៃការស្លាប់យោធា និងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយសាច់ញាតិរបស់អ្នកស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ឈ្មោះរបស់ជនជាតិរុស្ស៊ីចំនួន ២២៦,០៥៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិត្រូវបានកំណត់អត្តសញ្ញាណ ហើយផ្នែកសំខាន់មួយនៃការស្លាប់នៅសមរភូមិគឺបណ្តាលមកពីការវាយប្រហារដោយយានដ្រូន។ របាយការណ៍នេះនិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ដល់ ៣៤០.០០០នាក់ ទៅ ៥០០.០០០នាក់។
BBC ក៏និយាយផងដែរថា ការសិក្សាដាច់ដោយឡែកកាលពីក្នុងខែឧសភា បានបង្ហាញថា ទាហានកូរ៉េខាងជើងចំនួន២.៣០៤នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធរួមគ្នាជាមួយរុស្ស៊ីក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ការសិក្សា រួមមានរូបភាពផ្កាយរណប និងរូបថតផ្លូវការនៃវិមានរំលឹកថ្មីមួយកន្លែងដែលត្រូវបានសាងសង់នៅក្នុងប្រទេសកូរ៉េខាងជើង បង្ហាញឈ្មោះទាហានដែលបានស្លាប់។

