ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តលក់មីស៊ីលកម្រិតខ្ពស់បាញ់ពីអាកាសទៅអាកាស ឬមីស៊ីលបាញ់យន្តហោះ និងឧបករណ៍ពាក់ព័ន្ធទៅឲ្យកូរ៉េខាងត្បូង ដោយព្រមានថា ការធ្វើបែបនេះនឹងនាំឲ្យភាពតានតឹង នៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅៗ ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយ KCNA អគ្គនាយកគោលនយោបាយការបរទេសរបស់ក្រសួង បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល កំពុងត្រូវបាន «ពង្រឹងជាប្រព័ន្ធ» ទោះបីជាមាននូវអ្វីដែលខ្លួនចាត់ទុកថា ជាការព្រួយបារម្ភរបស់អន្តរជាតិ អំពីភាពតានតឹងកើនឡើងទាំងនៅក្នុង និងជុំវិញឧបទ្វីបនេះក៏ដោយ។
មន្ត្រីរូបនេះបានលើកឡើងពីការអនុម័តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះការលក់មីស៊ីលបាញ់ពីអាកាសទៅអាកាសកម្រិតខ្ពស់ និងឧបករណ៍ពាក់ព័ន្ធទៅឲ្យកូរ៉េខាងត្បូងក្នុងតម្លៃជិត ៣០០លានដុល្លារសម្រាប់យោធាបរទេស ជាឧទាហរណ៍ចុងក្រោយបំផុត។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា «ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក គឺជាការនាំចេញសង្គ្រាម» ដោយបន្ថែមថា កូរ៉េខាងជើងនឹងបន្តពង្រឹងការរារាំងការពារខ្លួន ដើម្បីរក្សាតុល្យភាពអំណាច ក្នុងតំបន់។
គួរបញ្ជាក់ថា កូរ៉េខាងជើងតែងតែរិះគន់កិច្ចសហប្រតិបត្តិការយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថា ជាការរៀបចំត្រៀមសម្រាប់សង្គ្រាម៕


