កាលពីថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ជិតលេចចេញជារូបរាងហើយ ដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ភាគីទាំង២ បានយល់ស្របគ្នាលើពាក្យពេចន៍ ក្នុងឯកសារ ហើយថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ខណៈពេលដែលការផ្លាស់ប្តូរ នៅក្នុងកិច្ចព្រមព្រៀង នៅតែអាចធ្វើទៅបាន កិច្ចព្រមព្រៀងបណ្តោះអាសន្ន បានបង្ហាញថា ប្រទេសរបស់លោក បានលេចឡើងកាន់តែរឹងមាំពីក្នុងជម្លោះនេះ។ លោកបាននិយាយតាមកញ្ចក់ទូរទស្សន៍រដ្ឋថា «អ៊ីរ៉ង់គឺជាអ្នកឈ្នះសង្គ្រាមជាមួយសហរដ្ឋអាមេរិក»។
តែយ៉ាងណាក្ដី ប្រភពមួយដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប៉ុន្មានម៉ោងបន្ទាប់ពីមានការកត់សម្គាល់ទាំងនោះ កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យានដ្រូនវាយប្រហារអត្តឃាតរបស់អ៊ីរ៉ង់ជាច្រើនគ្រឿង ដែលហោះតម្រង់ទៅកាន់ច្រកសមុទ្រ Hormuz។ ប្រភពដែលបានសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា យានដ្រូនទាំងនោះបានបង្កការគំរាមកំហែងដល់ចរាចរណ៍ពាណិជ្ជកម្ម។
ចំណែកទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ជាច្រើន បានរាយការណ៍ថា សំឡេងផ្ទុះត្រូវបានគេឮតាមបណ្តោយច្រកសមុទ្រ នៅក្នុងកំពង់ផែ Sirik និងកោះ Qeshm របស់អ៊ីរ៉ង់ ដែលអ្នកស្រុក និងមន្ត្រីមូលដ្ឋាន បានសន្មតថា ជាការបាញ់ប្រហារដោយកងកម្លាំងអ៊ីរ៉ង់ ដើម្បីព្រមាននាវាដែលព្យាយាមឆ្លងកាត់ផ្លូវទឹកដោយគ្មានការអនុញ្ញាតពីកងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍។
គួរបញ្ជាក់ថា ប្រភពពីគ្រប់ភាគី ក្នុងដំណើរការចរចានេះ បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នាដែលត្រូវបានស្នើឡើង អំពាវនាវឲ្យបើកច្រកសមុទ្រឡើងវិញ និងលុបការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកអាមេរិក លើកំពង់ផែអ៊ីរ៉ង់។ ហើយការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពោលគឺជាហេតុផលដែលត្រូវបានបញ្ជាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការចាប់ផ្តើមសង្គ្រាម នឹងធ្វើឡើងបន្ទាប់ពីនោះ៕

