លោក Elon Musk ដែលទើបឡើងគ្រងតំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិសែនកោដិដំបូងគេរបស់ពិភពលោក បានប្រឈមនឹងការរិះគន់ថ្មី កាលពីថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) ពាក់ព័ន្ធនឹងកុបកម្មប្រឆាំងជនអន្តោប្រវេសន៍ នៅទីក្រុង Belfast របស់អៀរឡង់ខាងជើង បន្ទាប់ពីអ្នកស្រាវជ្រាវ បាននិយាយថា រឿងរ៉ាវហិង្សាដែលលោកបានពង្រីកឲ្យកាន់តែធំនៅលើវេទិកាបណ្ដាញសង្គម X របស់លោក បាននាំឲ្យមានអ្នកចូលមើលរាប់លានដង។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់អៀរឡង់ខាងជើង បន្ទាប់ពីមានការវាយប្រហារដោយកាំបិតដ៏ឃោរឃៅ កាលពីថ្ងៃទី៨ ខែមិថុនា ដោយនគរបាលបានចោទប្រកាន់ជនជាតិស៊ូដង់ម្នាក់ឈ្មោះ Hadi Alodid ពីបទប៉ុនប៉ងធ្វើឃាត។

លោក Musk បានបង្កើនការអំពាវនាវឲ្យមានការតវ៉ានៅទូទាំងប្រទេសអង់គ្លេស ពីសកម្មជនប្រឆាំងអន្តោប្រវេសន៍ លោក Tommy Robinson និងបានសរសេរទៅកាន់អ្នកតាមដានចំនួន ២៤០លាននាក់របស់លោកនៅលើបណ្ដាញសង្គម X ថា «មានតែការតវ៉ាម្តងហើយម្តងទៀត និងខ្លាំងក្លាប៉ុណ្ណោះ ទើបមានការផ្លាស់ប្តូរណាមួយ»។ លោកក៏បានជំរុញផងដែរនូវការបង្ហោះ និងសារប្រឆាំងនឹងអន្តោប្រវេសន៍ពីលោក Rupert Lowe មេដឹកនាំគណបក្សស្តាំនិយម Restore Britain ដោយបានធ្វើឲ្យការបង្ហោះនោះទៅដល់អ្នកប្រើប្រាស់រាប់លាននាក់នៅលើវេទិកាបណ្ដាញសង្គម។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឃ្លាំមើលបច្ចេកវិទ្យាមិនរកប្រាក់ចំណេញ Center for Countering Digital Hate (CCDH) បានរាយការណ៍ថា ការបង្ហោះរបស់អ្នកទាំង៣ អំពីទីក្រុង Belfast ទទួលបានការចូលមើលជាង ១១៥លានដង នៅទូទាំងគណនីរបស់ពួកគេ ដោយលោក Musk មាន ៥៥ភាគរយនៃចំនួនសរុប។ CCDH បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា «ការពង្រីកសាររបស់លោក Musk គឺជាឧបករណ៍ដ៏សំខាន់» ដោយរួមចំណែកដល់ការចូលមើលចំនួន ៦៤លានដង។
លោក Imran Ahmed ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ CCDH បានលើកឡើងថា៖ «ក្នុងនាមជាម្ចាស់បណ្ដាញសង្គម X និងជាអ្នកប្រើប្រាស់ដែលមានអ្នកតាមដានច្រើនជាងគេបំផុត លោក Musk មានអំណាចដែលមិនអាចប្រៀបផ្ទឹមបាន ក្នុងការបង្កើតអ្វីដែលមនុស្សមើលឃើញតាមប្រព័ន្ធអ៊ីនធឺណិត។ ជាមួយនឹងអំណាចនោះ លោកត្រូវទទួលខុសត្រូវ ចំពោះខ្លឹមសារ និងធ្វើការផ្សព្វផ្សាយលើវេទិការបស់លោក»។
លោក Ahmed បានបន្ថែមថា៖ «ខណៈពេលដែលសហគមន៍នានា បានដោះស្រាយជាមួយនឹងផលវិបាកនៃភាពឃោរឃៅ និងភាពចលាចល គ្មានបុគ្គលណាម្នាក់ដើរតួនាទីធំជាង ក្នុងការផ្សព្វផ្សាយខ្លឹមសារនេះនៅលើបណ្ដាញសង្គម X ជាងលោក Musk ផ្ទាល់នោះទេ»៕

