ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ស្លាកក្រុមហ៊ុនបន្ថែមទៀតថា ជា «ក្រុមហ៊ុនយោធា» ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់សន្តិសុខជាតិជាលេស ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន។
យោងតាមសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រសួងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការនេះ ដែលមិនអើពើនឹងទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកកាន់តែទូលំទូលាយ ធ្វើឲ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក គំរាមកំហែងដល់ស្ថិរភាពខ្សែច្រវាក់ក់ផ្គត់ផ្គង់ ខណៈពេលដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់សហគ្រាសចិន។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ទីក្រុងប៉េកាំងបានជំរុញឲ្យសហរដ្ឋអាមេរិកកែប្រែការកំណត់នេះជាបន្ទាន់ និងផ្តល់នូវការប្រព្រឹត្តដោយយុត្តិធម៌ និងមិនរើសអើងដល់ក្រុមហ៊ុនចិន ដោយព្រមានថា ខ្លួននឹងចាត់វិធានការតបត «យ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា» ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរទិសដៅនេះទេ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយទាំងនេះបានកើតឡើងបន្ទាប់ពីមន្ទីរបញ្ចកោណ នៅសប្តាហ៍នេះ បានបន្ថែមក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសចិន ក្នុងនោះរួមទាំង Alibaba Group Holding, Baidu និង BYD ទៅក្នុងបញ្ជីក្រុមហ៊ុនដែលខ្លួនចាត់ទុកថា គាំទ្រដល់កងទ័ពរំដោះប្រជាជនចិន។ ចំណាត់ការនេះបានកែសម្រួលកំណែនៃបញ្ជីដែលបានបោះពុម្ពផ្សាយរយៈពេលខ្លី នៅក្នុងខែកុម្ភៈ មុនពេលត្រូវបានដកចេញវិញដោយគ្មានការពន្យល់៕
