មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) ថា លោកស្រីបានប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីកែតម្រូវ «ការយល់ច្រឡំជាច្រើន» អំពីវិធីសាស្រ្តគាំទ្រការពាក់ព័ន្ធរបស់លោកស្រី ចំពោះប្រទេសចិន ក្នុងពេលមានការរិះគន់យ៉ាងខ្លាំង ពីក្រុមប្រឆាំងនៅទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Cheng Li-wun ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករយៈពេល ២សប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិន កាលពីខែមេសា ជាកន្លែងដែលលោកស្រីបានជួបជាមួយលោកប្រធានាធិបតី Xi Jinping។
លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានជួបជាមួយសមាជិកសភាអាមេរិកចំនួន ៩រូប មកពីគណៈកម្មាធិការដែលដោះស្រាយទាក់ទងនឹងហិរញ្ញវត្ថុ ការពារជាតិ និងកិច្ចការបរទេស ក៏ដូចជាបញ្ញវន្ត និងតំណាងនៃវិទ្យាស្ថានស្រាវជ្រាវនានា។ លោកស្រីបានបញ្ជាក់ថា មាន «ការយល់ច្រឡំជាច្រើន» អំពីវិធីសាស្រ្តរបស់គណបក្ស KMT។

គណបក្សរបស់លោកស្រី Cheng ដែលរួមជាមួយសម្ព័ន្ធមិត្តតូចរបស់ខ្លួន គឺគណបក្សប្រជាជនតៃវ៉ាន់ (Taiwan People’s Party) មានសំឡេងភាគច្រើន នៅក្នុងសភា បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំង នៅទីក្រុងវ៉ាស៊ីនតោន ចំពោះការកាត់បន្ថយផែនការទី៣ របស់រដ្ឋបាលនៃដែនកោះនេះ ក្នុងការចំណាយបន្ថែម ៤០ពាន់លានដុល្លារ លើការទិញអាវុធ។
ដោយបាននិយាយជាភាសាចិន លោកស្រី Cheng បានឲ្យដឹងថា លោកស្រីជឿថា ការជួបរបស់លោកស្រី បានអនុញ្ញាតឲ្យអ្នកចូលរួមសន្ទនាឃើញពីរូបភាពពិតរបស់គណបក្ស KMT និងធាតុពិតរបស់លោកស្រី ហើយបានបរិយាយបន្ថែមជាភាសាអង់គ្លេសថា លោកស្រីមានភាពស្មោះត្រង់ និងឥតលាក់លៀម ហើយពួកគេអាចឃើញនូវអ្វីទាំងអស់នេះនៅពេលពួកគេជួបលោកស្រីដោយផ្ទាល់៕

