តាមរយៈ “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១” ក្រោមប្រធានបទ “ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយ ដល់វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែប្រសើរថែមទៀត។
នៅក្នុងពិធីបិទវេទិកា កាលពីរសៀលថ្ងៃទី១២ ខែមិថុនាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងដោយការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការបន្តធ្វើជាដៃគូគាំទ្រការអភិវឌ្ឍ SMEs តាមរយៈការពង្រឹងតម្លាភាព, ការធ្វើទំនើបកម្មរដ្ឋបាលគយ, ការប្រើប្រាស់ប្រព័ន្ធឌីជីថល, ការកាត់បន្ថយពេលវេលា និងថ្លៃដើមធ្វើពាណិជ្ជកម្ម ព្រមទាំងការលើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិនិងនីតិវិធីគយ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលគ្នា ដើម្បីរួបរួមបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែអំណោយផលសម្រាប់ SMEs នៅកម្ពុជាផងដែរ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជម្រុញផលិតផលក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការបង្កើនមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង។ យ៉ាងណា ឧកញ៉ា ក៏បានលើកឡើងផងដែរពីបញ្ហាប្រឈមរបស់ SMEs និងឧបសគ្គជាច្រើនដែលទាមទាឱ្យរាជរដ្ឋាភិបាលជួយសម្របសម្រួល ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលខ្មែរ ផលវិបាកក្នុងប្រតិបត្តិការនាំចេញ-នាំចូល និងការយល់ដឹងនៅមានកម្រិតនៅឡើយអំពីនីតិវិធីគយ។
សូមបញ្ជាក់ថា ឆ្លងកាត់ក្នុងរយៈពេលពីរថ្ងៃកន្លងមក គឺថ្ងៃទី១១ និង១២ ខែមិថុនា ឆ្នាំ២០២៦ វេទិកាខាងលើបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្ម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ជាច្រើន។ វេទិកានេះ បានបិទបញ្ចប់ដោយផ្លែផ្កាតាមការរំពឹងទុក និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការពង្រឹងភាពជាដៃគូ ការលើកកម្ពស់ផលិតកម្មក្នុងស្រុក ការពង្រីកពាណិជ្ជកម្ម និងការជំរុញការអភិវឌ្ឍ SMEs ប្រកបដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី









