យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដឹកជញ្ជូនយោធារបស់ឥណ្ឌា ១គ្រឿង បានធ្លាក់នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ ខណៈពេលកំពុងចុះចតនៅទីតាំងកងទ័ពអាកាសមួយកន្លែង នៅភាគឦសានដាច់ស្រយាលរបស់ប្រទេស។
កងទ័ពអាកាសបានឲ្យដឹងថា យន្តហោះ Antonov An-32 ផលិតនៅរុស្ស៊ី «បានជួបគ្រោះថ្នាក់នៅថ្ងៃនេះ ខណៈពេលកំពុងចុះចតនៅឯ Jorhat» ជាទីក្រុងមួយក្នុងរដ្ឋ Assam។
យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្នកស្លាប់ និងអ្នករបួសនោះទេ ហើយក៏មិនបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះដែរ។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា «តុលាការស៊ើបអង្កេត កំពុងត្រូវបានបង្កើតឡើង ដើម្បីស្វែងរកមូលហេតុពិតដែលនាំឲ្យមានគ្រោះថ្នាក់នេះ»។
ប្រព័ន្ធផ្សព្វផ្សាយ NDTV បានផ្សាយរូបភាពនៃកន្លែងយន្តហោះធ្លាក់ ដែលបង្ហាញឲ្យឃើញផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក និងយន្តហោះដែលហាក់ដូចជាបែកបាក់ជាបំណែកៗ៕


