ភ្នំពេញ ៖ ប្រសិនបើមិនមានការប្រែប្រួលទេនោះ វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលកម្ពុជា កុម្ម៉ង់ទិញពីប្រទេសចិន នឹងមកដល់ នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ ហើយវ៉ាក់សាំងនេះ នឹងផ្តល់អាទិភាពចាក់ដល់មនុស្សវ័យ៦០ឆ្នាំឡើង ខណៈវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនដែរនោះ នឹងមកដល់មុនចូលឆ្នាំខ្មែរខាងមុខនេះ ផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «នៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងរបស់ភាគីមិត្តចិន ដែលយើងបានទិញ Sinovac ចំនួន១,៥លានដូសនោះ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រៅពីវ៉ាក់សាំងនេះ ក៏សល់ជំនួយវ៉ាក់សាំង Sinopharm របស់មិត្តចិនចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។ បន្ទាប់ពីថ្នាំវ៉ាក់សាំងទាំងពីរប្រភេទនេះមកដល់កម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏ស្នើដល់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ផ្អាកការចាក់វ៉ាក់សាំង Astra Zeneca នេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្នសិនផងដែរ ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ប៉ុន្តែប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដូសទី១ហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២ បន្តទៀតផងដែរ ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកបាននោះ។
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងចំនួន២ប្រភេទ នោះគឺ Sinopharm ដែលជាជំនួនរបស់ភាគីចិនជំហានដំបូងចំនួន៦០ម៉ឺនដូស និង Astra Zeneca ជាង៣២ម៉ឺន ដែលជាជំនួយតាមរយៈយន្តការកូវ៉ាក់។ ក្រោយវ៉ាក់សាំងនេះ បានមកដល់កម្ពុជានោះ មកដល់ថ្ងៃទី១៩ ខែមីនានេះ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កងទ័ព និងមន្ត្រី និងជនស៊ីវិល បានជាង៣០ម៉ឺននាក់ ដែលក្នុងនោះ ក្រសួងសុខាភិបាល ចាក់បាន ១៩៨ ៤៤៧ នាក់ ដោយវ៉ាក់សាំងទាំងពីរប្រភេទទាំងស៊ីណូហ្វាម និងអាស្ត្រាសេនេហ្កា ។ ដោយឡែកកងទ័ពគឺចាក់បានចំនួន ១០៩ ៧៥៦នាក់ ហើយចាក់ដូសទី២ បាន៨១ ៣៧១នាក់៕
អត្ថបទ ៖ បាន ចក់