ប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកសម្របសម្រួលប៉ាគីស្ថាននិយាយថា កិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ ខណៈអ៊ីរ៉ង់ច្រានចោលថា ការចុះហត្ថលេខានឹងមិនកើតឡើងឆាប់រហ័សបែបហ្នឹងនោះទេ ។

នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif និយាយថា ភាគីទាំង ២ បានឯកភាពលើក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ហើយទីក្រុងអ៊ីស្លាម៉ាបាដ កំពុងរៀបចំសម្រាប់ការចុះហត្ថលេខាតាមអេឡិចត្រូនិកនៅថ្ងៃអាទិត្យនេះ ហើយបន្ទាប់មកនឹងមានជំនួបកម្រិតថ្នាក់បច្ចេកទេសនៅសប្តាហ៍ក្រោយ ។
លោក Trump និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ក្រោយចុះហត្ថលេខារួច ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងអស់ ។
ប្រភពពីភាគីទាំងអស់បញ្ជាក់ពីអនុស្សរណៈយោគយល់ស្នើសុំឲ្យបើកច្រកសមុទ្រមួយនេះឡើងវិញ ដែល ១ភាគ ៥នៃប្រេង និងឧស្ម័នសកល ឆ្លងកាត់ ។
ប្រភពបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅក្នុងការដោះដូរសម្រាប់ការបើកឡើងវិញច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបញ្ចេញប្រាក់រាប់ពាន់លានដុល្លារនៅក្នុងទ្រព្យសកម្មបង្កករបស់អ៊ីរ៉ង់ ហើយនិងលើកលែងទណ្ឌកម្មលើការនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់ ។ ចំណែកឯ កិច្ចចរចាលើកម្មវិធីនុយក្លេអែរអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងតាមក្រោយ ។
មន្រ្តីមួយរូបរបស់សហរដ្ឋអាមេរិកនិយាយថា កិច្ចព្រមព្រៀងនេះ ទីបំផុតនឹងនាំឲ្យមានការរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងនោះស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួច នឹងត្រូវបំផ្លាច និងយកចេញ ។
ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយថា អ៊ីរ៉ង់ចង់រក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងលក្ខណៈជាសារធាតុរាវ ។ លោកថា កិច្ចព្រមព្រៀងនេះដែរ នឹងបញ្ចប់សង្រ្គាមនៅលីបង់ ដោយតម្រូវឲ្យអ៊ីស្រាអែលដកទ័ពរបស់ខ្លួនចេញពីតំបន់កាន់កាប់ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និយាយថា ពួកគេនឹងមិនដកទ័ពចេញនោះទេ ។
ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកមិនមែនជាភាគីនៅក្នុងកិច្ចព្រមព្រៀងមួយនេះឡើយ ៕


