អំឡុងជំនួបស្តីពីតំបន់អ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា អ៊ុយក្រែន មិនអាចទប់ទល់ជាមួយការវាយលុករបស់រុស្ស៊ីបាននោះទេ ហើយពួកគេកំពុងងាកទៅរកវិធីសាស្រ្តភេរវកម្មដោយបើកចំហរ ។
លោក Putin និយាយថា សត្រូវមិនអាចទប់ទល់ជាមួយការវាយប្រហារនេះបានទេ ។ ពួកគេងាកទៅរកការវាយប្រហារលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការដឹកជញ្ជូនអ្នកដំណើរផងដែរ ។
លោកន្តថា ការរុលចូលរបស់រុស្ស៊ី កំពុងធ្វើឡើងគ្រប់ទិសតំបន់ ហើយគ្មានការផ្លោងគ្រាប់កាំភ្លើង ឬការវាយប្រហារយានដ្រូនណា អាចផ្លាស់ប្តូរស្ថានភាពបានឡើយ ។

គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារយានដ្រូនលើគ្នាទៅវិញទៅមក ក្នុងនោះអ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមីឥន្ធនៈ ខណៈរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើង និងស្ថានីយអគ្គិសនី ។
ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈទីក្រុងគីវ បង្កើនការវាយប្រហារយានដ្រូនរយៈចម្ងាយឆ្ងាយរបស់ពួកគេលើទីតាំងប្រេងរបស់រុស្ស៊ី បណ្តាលឲ្យជួបកង្វះខាតប្រេងនៅតំបន់គ្រីមៀ និងតំបន់ផ្សេងៗជាច្រើនទៀតរបស់រុស្ស៊ី ៕
