អង្គការសហប្រជាជាតិ(UN) និយាយថា ការផ្តោតសំខាន់របស់ខ្លួន គឺលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តាមវិធីប្រកបដោយចីរភាពដែលគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ជាជាងជជែកដេញដោលពីវិធីដែលជម្លោះចាប់ផ្តើម ។
នៅពេលសួរពីការលើកឡើងថ្មីរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា អង្គការណាតូជាអ្នកបង្កសង្រ្គាម ហើយរុស្ស៊ីពុំបានចាប់ផ្តើមអរិភាពជាមួយនឹងប្រតិបត្តិការសឹកពិសេសរបស់ខ្លួននោះ អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា អាទិភាពកំពូលរបស់ UN គឺធានាបានការបញ្ចប់សង្រ្គាមដែលប្រកបដោយនិរន្តរភាព ការទទួលស្គាល់បូរណភាពទឹកដីអ៊ុយក្រែន ហើយនិងអនុវត្តតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ UN ។

លោក Dujarric បានលើកឡើងផងដែរពីបេសកកម្មតាមដានក្រុមសិទ្ធិមនុស្ស UN នៅអ៊ុយក្រែន ដែលបាននិយាយថា អំពើហិង្សាពាក់ព័ន្ធនឹងជម្លោះនៅក្នុងខែឧសភា បានសម្លាប់ជនស៊ីវិលយ៉ាងហោច ២៧៤នាក់ និងមនុស្ស ១.៧៦៣នាក់ផ្សេងទៀត រងរបួស ដែលជាចំនួនគ្រោះថ្នាក់ដល់ជនស៊ីវិលប្រចាំខែខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ។
ក្រុមបេសកកម្មនេះ អះអាងថា ការប្រើប្រាស់អាវុធដ៏មានឥទ្ធិពលខ្លាំងរបស់រុស្ស៊ី នៅតាមតំបន់ជាយក្រុង គឺជាហេតុផលសំខាន់ ៕
