កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺ ចែកអំណោយថ្នាំពេទ្យ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណាយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤០៨នាក់ ចុះអប់រំផ្សព្វផ្សាយបង្ការកូវីដ-១៩ កំពុងរៀនរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី វិធានការសុខាភិបាល ៣ការពារ ៣កុំ សង្គ្រោះបឋម ព្រមទាំងនាំយក អំណោយថ្នាំពេទ្យ ម៉ាស់ អាកុល រួមទាំងស្បៀងអាហារ ចុះពិនិត្យ ព្យាបាល ជំងឺជូនប្រជាពលរដ្ឋដោយឥតថ្លៃចំនួន៤៨៩៦នាក់ ស្រី៣២៣១នាក់ នៅអនុវិទ្យាល័យ ភ្នំជាល ខេត្តកំពង់ស្ពឺ ដោយសហការជាមួយលោក ជំទាវ ខេង សំវ៉ាន់ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសំរោងទង លោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្ត លោក ម៉ម សម្បតិ្តរត្នម៉ានិត អនុប្រធានមនី្ទរសុខាភិបាលខេត្ត អាជ្ញាធរស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ព្រមទាំងមនី្ទរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធស្រុក-ខេត្តផងដែរ។
ឯកឧត្តម លេង ផាលី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជានិច្ចកាលឯកឧត្តម ហ៊ុន ម៉ានី តែងគិតគូរនិងខ្វល់ខ្វាយពីសុខទុក្ខ និងបញ្ហាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបំពេញការងារយ៉ាងសកម្មនៅតាមសហគមន៍មូលដ្ឋាន ដើម្បីសុខុមាលភាព និងស្នាមញញឹមជូនប្រជាពលរដ្ឋ ក៏ដូចជាបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកម្ពស់សុខភាពប្រជាជននៅតាមសហគមន៍ តាមរយៈការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យ រួមទាំងការចុះអប់រំសុខភាព និងបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងទទួលបាននូវការស្វាគមន៍ គោរពស្រលាញ់រាប់អាន ផ្តល់ជំនឿទុកចិត្តខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋតាមរយៈបទពិសោធន៍ ក្នុងការបំពេញបេសកកម្ម ការងារជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពខ្ពស់ ក្រមសីលធម៌ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋនៅតាមសហគមន៍។
ជាមួយគ្នានោះដែរ លោកជំទាវ ឡុង បូណារ៉េត និងលោកជំទាវ ខេង សំវ៉ាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានរៀបចំសកម្មភាពមនុស្សធម៌នេះ។ ជាការពិត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកសំរោងទង ដែលមានអាការៈមិនស្រួលខ្លួន និងឈឺមួយតួខ្លួន គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានគ្រប់ផ្នែក ដើម្បីពិគ្រោះ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសថ្ងៃនេះក្រុមគ្រូពេទ្យ ក៏បាននាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ពីដូសមូលដ្ឋាន និងដូសជំរុញទី៣ និងដូសជំរុញទី៤ផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងសូមអញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងសូមកុំមានការខ្មាស់អៀន ត្រូវហ៊ានប្រាប់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដើម្បីទទួលបានការពិនិត្យ ព្យាបាលជំងឺ និងទទួលអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី យកទៅលេបព្យាបាលជំងឺឲ្យឆាប់បានជាសៈស្បើយ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៤ មេសា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៦,៧៧៩នាក់ បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៥៧៥ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៧,៩០១,៣៥៥នាក់ (ប្រាំពីរលាន កៅសិបម៉ឺន មួយពាន់ បីរយ ហាសិបប្រាំនាក់) ស្មើនឹង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៥,៥៥២,២២១ នាក់ (ដប់ប្រាំលាន ហាសិបប្រាំម៉ឺន ពីរពាន់ ពីររយ ម្ភៃ មួយនាក់) ៕ អត្ថបទ ៖ រដ្ឋា


















