ការខូចខាតទ្រង់ទ្រាយធំ ត្រូវបានគេមើលឃើញនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារកាលពីពេលកន្លងទៅរបស់អ៊ីស្រាអែល ។
លីបង់ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញការព្រមានឲ្យជម្លៀសចេញ សម្រាប់ទីតាំងចំនួន ២០ ក្នុងនោះរួមមានទាំងនៅទីក្រុង Nabatieh ផងដែរ មុនពេលការវាយឆ្មក់កើតឡើង ។
ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ប្រតិបត្តិការតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ជាច្រើនដែលមាននៅក្នុងការព្រមាន ក្នុងនោះរួមមានទាំងនៅភូមិ Rihan និងភូមិ Sujud ដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុង Nabatieh ។
ការព្រមានរបស់កងទ័ពអ៊ីស្រាអែល បានជំរុញឲ្យប្រជាជនជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani ។
កាលពីខែឧសភា កងទ័ពអ៊ីស្រាអែល បានប្រកាសតំបន់ទាំងអស់នៅភាគខាងត្បូងនៃទន្លេនេះថា ជាតំបន់ប្រយុទ្ធ ហើយចាប់តាំងពីពេលនោះមក ពួកគេបានបើកការវាយប្រហារលើតំបន់នោះ ។
សូមបញ្ជាក់ថា ប្រទេសលីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ផុងក្នុងសង្រ្គាមអ៊ីរ៉ង់កាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់ ជាហេតុនាំឲ្យមានការវាយប្រហារតាមច្រកអាកាស និងយុទ្ធនាការជើងគោករបស់អ៊ីស្រាអែល ៕

