ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា កម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងក្នុងព្រះបរមនាមរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចតេជោ បានអបអរសាទរ ចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋកូឡុំប៊ីប្រចាំនៅកម្ពុជា។
សម្ដេចតេជោ សង្ឃឹមថា ក្នុងបេសកកម្ម ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ី ឱ្យកាន់តែរីកចម្រើនបើទោះបីជាប្រទេសទាំងពីរមានភូមិសាស្រ្ដឆ្ងាយពីគ្នាក៏ពិតមែនក៏ប៉ុន្ដែកម្ពុជា និងកូឡុំប៊ី មានទំនាក់ទំនងក៏យូរអង្វែងជាមួយគ្នា និងមានសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកបន្ថែមរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោកជំទាវ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់ប្រទេសកូឡុំប៊ី ប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ បានជួបសម្ដែងការគួរសម និងជូនសារតាំងក្នុងឱកាសនេះ។
នៅចំពោះមុខសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី លោកជំទាវ ឯកអគ្គរដ្ឋទូតតែងតាំងថ្មី បានប្ដេជ្ញា ក្នុងអាណត្តិលោកជំទាវជា ឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ី ឱ្យកាន់តែរឹងមាំបន្តទៀត។
លោកជំទាវបានបញ្ជាក់ថា ប្រទេសកូឡុំប៊ី និងកម្ពុជា មានសក្ដានុពលបន្ថែមក្នុងការពង្រីកជាមួយគ្នា ទាំងនៅក្នុងក្របខណ្ឌនយោបាយអន្តរជាតិ ក្របខណ្ឌទ្វេភាគីរវាងប្រទេសទាំងពីរ ហើយកូឡុំប៊ី និងកម្ពុជា ក៏គ្រោងនឹងមានកិច្ចសន្ទនានយោបាយជាមួយគ្នាបន្ថែមទៀត ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការ, ទន្ទឹមគ្នានឹងការជំរុញនៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគរវាងប្រទេសទាំងពីរឱ្យមានការកើនឡើងផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បង្ហាញនូវការអបអរសាទរ ចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា, ជាពិសេសលោកជំទាវបានអបអរចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្មីរបស់កម្ពុជាកម្ពុជា ដែលមានភាពស្រស់ស្អាត និងបង្ហាញអំពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀតទៅរកចំណុចណាដែលមិនទាន់បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ពោលគឺទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏ឆ្លៀតអរគុណចំពោះអតីតកាលដែល កូឡុំប៊ី បានបញ្ចូន កងទ័ពរបស់ខ្លួនតាមរយៈ អ៊ុនតាក់ ក្នុងចន្លោះឆ្នាំ ១៩៩២-១៩៩៣ មកចូលរួមសម្របសម្រួល ក្នុងការស្វះស្វែងជួយរកសន្ដិភាពដល់កម្ពុជានាអំឡុងពេលនោះផងដែរ។ សម្ដេចតេជោ សង្ឃឹមថា ក្នុងតួនាទីរបស់លោកជំទាវជា ឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពូនជ្រំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕








