កំពង់ធំ៖ ប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ មានចំនួន ៩,១១៤គ្រួសារ នៅក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក មានផ្ទៃដីសរុប ទំហំ ១.០២៨,០២ហិកតា។
ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ នៅស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម លើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺការចុះបញ្ជីដីធ្លី ទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី ហើយការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធមានសារសំខាន់ណាស់ ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹង ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អចលនវត្ថុ ជាឯកសារសំអាង រឹងមាំ ដោយមិននណាម្នាក់មកបំពានយកដី ព្រំប្រទល់ដីបាននោះទេ៕






