ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រការដាក់ចេញការអនុវត្ត «គន្លងវិជ្ជាជីវៈ» រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយនឹងក្រសួងអបរំ យុវជន និងកីឡាទៅដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ។
សម្ដេចធិបតីបានថ្លែងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ ក្នុងគោលបំណងផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមកដល់ពេលនេះ ក៏បានដាក់អនុវត្តសាកល្បងនៅតាមបណ្ដាវិទ្យាល័យចំនួន ៤៩ រួចទៅហើយនៅទូទាំងប្រទេសកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា យន្តការ «គន្លងវិជ្ជាជីវៈ» នេះ នឹងអនុញ្ញាតឱ្យសិស្ស និស្សិតមានជម្រើសកាន់តែទូលំទូលាយក្នុងការទទួលបាន ជំនាញពិតប្រាកដស្របតាមសក្តានុពលតំបន់ ដើម្បីឆ្លើយតបយ៉ាងចំគោលដៅ ទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ជាពិសេសនៅតាមតំបន់សេដ្ឋកិច្ច ពិសេស និងសួនឧស្សាហកម្មនានា ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិនៅតាម បណ្តាខេត្តគោលដៅ។
សម្ដេចធិបតីបានថ្លែងថា៖«មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ ក្នុងគោលបំណងផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមកដល់ពេលនេះក៏បានដាក់អនុវត្តសាកល្បងនៅតាមបណ្ដាវិទ្យាល័យចំនួន ៤៩ រួចទៅហើយនៅទូទាំងប្រទេសកម្ពុជា»។
សូមជម្រាបថា យន្តការ «គន្លងវិជ្ជាជីវៈ» ឬ «គន្លងអប់រំថ្មី» គឺជាកិច្ចសហការកែទម្រង់ដ៏សំខាន់រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសិស្សដែលបញ្ចប់ថ្នាក់ទី៩ ឱ្យមានឱកាសចាប់យកជំនាញច្បាស់លាស់ស្របតាមតម្រូវការទីផ្សារការងារ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបើកផ្លូវឱ្យសិស្សានុសិស្សអាចជ្រើសរើសរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈទន្ទឹមនឹងការសិក្សាចំណេះដឹងទូទៅ ដោយចាប់ផ្តើមសាកល្បងអនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦នេះ៕













