សៀមរាប៖ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមប្រតិបត្តិការបង្ក្រាប ដែលបានខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម បានលើកឡើងថា ស្របពេលដែលរាជរដ្ឋាភិបាលដកហូតនូវដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាបផង ការសហការគ្នាអភិរក្សពូជត្រីផង ព្រមទាំងការខិតខំបង្ក្រាបបទល្មើសផងនោះ ទិន្នផលត្រីក្នុងបឹងទន្លេសាប នឹងមានការកើនឡើងវិញ ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជា។
ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងឱកាសដែលអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប កាលពីថ្ងៃទី២៤មេសា ម្សិលមិញនេះ ។
ឯកឧត្ដម បានបន្ដថា ទោះបីជាផលត្រីក្នុងបឹងទន្លេសាប មិនអាចវិលទៅរកភាពដើមវិញ ក៏នៅឆ្នាំខាងមុខគេរំពឹងថា ទិន្នផលក្នុងបឹងជង្រុកត្រីមួយនេះ នឹងមានការកើនឡើង។
គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៤ខែមេសានេះ ក្រុមសមត្ថកិច្ចចម្រុះដែលមានកម្លាំងរដ្ឋបាលជលផលខេត្តសៀមរាប កងកម្លាំងនគរបាល និងកងម្លាំងអាវុធហត្ថផ្ទៃប្រទេស បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទបានចំនួន៦លើក ចាប់ខ្លួនជនល្មើសបាន៤នាក់បញ្ជូនទៅតុលាការ ដកហូត និងបំផ្លាញចោលនូវសម្ភារៈ ប្រព្រឹត្តិបទល្មើសបានមួយចំនួន។
របាយការណ៍ ក៏បានឲ្យដឹងថា ទន្ទឹមនឹងការបង្ក្រាបនេះ គេសង្កេតឃើញថា បទល្មើសនេសាទបានថយចុះ ប្រជានេសាទមួយចំនួនធំពួកគាត់ក៏បានយល់អំពីការប្រើប្រាស់ឧបករណ៍នេសាទត្រឹម៕ អត្ថបទ៖ ឈិត សាវី