ក្លិបយក្សអេស្ប៉ាញ Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea ក្នុងការផ្ទេរខ្សែការពារស្លាបឆ្វេង Marc Cucurella ក្នុងតម្លៃសរុប ៥១.៨ លានផោន បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក។
តាមប្រភពព័ត៌មាន កិច្ចព្រមព្រៀងនេះមានតម្លៃដំបូង ៤៧.៥ លានផោន បូករួមប្រាក់លើកទឹកចិត្តផ្សេងៗចំនួន ៤.៣ លានផោនបន្ថែមទៀត ខណៈភាគីទាំងអស់បានព្រមព្រៀងគ្នាលើការផ្ទេរជាអចិន្ត្រៃយ៍រួចរាល់។
បច្ចុប្បន្ន Cucurella វ័យ ២៧ ឆ្នាំ កំពុងបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ក្រោយការបោះឆ្នោតជាប់ជាប្រធានក្លិបសាជាថ្មីរបស់ Florentino Perez និងការតែងតាំង Jose Mourinho ជាគ្រូបង្វឹក Real Madrid កំពុងបន្តពង្រឹងកម្លាំងក្រុមយ៉ាងសកម្ម។ ក្រៅពី Cucurella ក្លិបរាជធានីអេស្ប៉ាញមួយនេះក៏ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងនាំយក Bernardo Silva ដែលទើបចាកចេញពី Man City ផងដែរ។
រំលឹកថា Marc Cucurella បានផ្ទេរពី Brighton មក Chelsea កាលពីឆ្នាំ ២០២២ ក្នុងតម្លៃផ្ទេរ ៦៣ លានផោន។ កីឡាករជនជាតិអេស្ប៉ាញរូបនេះត្រូវបានគេដឹងថាមានបំណងចង់វិលត្រឡប់ទៅលេងនៅប្រទេសកំណើតវិញ ដោយរូបគេធ្លាប់ជាយុវជនថ្នាលរបស់ Barcelona មុនពេលចាប់ផ្តើមអាជីព៕ អត្ថបទ៖នាង សុភាវុធ

