ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានប្រកាសគាំទ្របង្កើតអោយមានវេទិការពិភាក្សាចែករំលែកបទពិសោធន៍រវាងមនុស្សដែលមានវ័យចំណាស់ អ្នកបានចូលនិវត្តន៍ ជាមួយនិងយុវជន នៅតាមមូលដ្ឋានភូមិ ឃុំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានផ្តួចផ្តើមគ្រោង និងបង្កើតដោយឯកឧត្តម ម៉េង ស័ក្កធារ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាកាន ។
ឯកឧត្តម ស៊ុយ សែម ប្រកាសគ្រាំទ្រដូចនេះ ក្នុងកិច្ចប្រជុំបូកសរុប ការងារគណបក្សប្រជាជនកម្ពុជាស្រុកបាកាន និងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបាកាន នាថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ដោយមានសមាជិកចូលរួមប្រមាណ៧០០នាក់ ដែលបានរៀបចំធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។
វេទិការដែលគ្រោង និងបង្កើតឡើងនេះ គឺក្នុងគោលបំណង ចង់អោយយុវជនជំនាន់ក្រោយអាចទទួលបានពីបទពិសោធន៍ជីវិតពិតដែលមនុស្សចាស់ធ្លាប់បានឆ្លងកាត់កន្លងមក ជាពិសេសគឺបទពិសោធន៍ជីវិតកំសត់វេទនាក្នុងសម័យកាលដែលកម្ពុជាស្ថិតក្នុងរបបខ្មៅងងឹតកម្ពុជាប្រជាធិបតេយ្យប្រទេសជាតិត្រូវបំផ្លាញខ្ទេចខ្ទី រហូតមានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ន ទើបក្មូយៗជាយុវជនអាចទទួលបានការសិក្សារស់នៅក្នុងពេលប្រទេសជាតិ មានសន្តិភាពមានស្ថេរភាពនយោបាយ ប្រទេសជាតិមានភាពសម្បូរសប្បាយ ។
វេទិកានេះ ក៏មានគោលដៅ ចង់សម្រួលអោយមនុស្សចាស់ និងយុវជនជំនាន់ក្រោយអាចធ្វើការងារជាមួយគ្នាបានដោយរលូន ព្រោះបច្ចុប្បន្នយើងសង្កេតឃើញថា តាមអង្គភាពការងារ ទាំងរដ្ឋនិង ឯកជន ហាក់កំពុងជួបវិបត្តិដោយមនុស្សចាស់មួយចំនួនប្រកាន់គំនិតអភិរក្សហួសហេតុដោយមិនចង់ប្រគល់ ការងារឲ្យយុវជនក្រោយឡើយ។ ចំណែកយុវជនជំនាន់ក្រោយខ្លះដែលអាងលើសញ្ញាប័ត្រ ហាក់ដូចជាមើលស្រាលមនុស្សចាស់ដែលគ្មានសញ្ញាប័ត្រស្មើនឹងខ្លួន ការមិនចុះសម្រុងគ្នានេះត្រូវគេមើលឃើញថា ជាវិបត្តិមួយ សម្រាប់សង្គមខ្មែរដែលត្រូវតែដោះស្រាយ។
សរុបជារួមទាំងមនុស្សចាស់ និងយុវជនគឺត្រូវការគ្នាទៅវិញទៅមក មនុស្សមានបទពិសោធន៍ដែលយុវជនគ្មាន ហើយយុវជនមានចំណេះដឹងនិងបច្ចេកទេសថ្មីៗដែលមនុស្សចាស់ពុំមាន ដូចនេះបើរួមគ្នាបាន នឹងធ្វើអោយអង្គភាពរីកចម្រើន ប្រទេសជាតិរីកចម្រើន ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ុយ សែម បានណែនាំអោយអោយក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាកាន គ្រប់ជាន់ថ្នាក់ត្រូវតែបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ ចូលរួមជួយធ្វើការអភិវឌ្ឍតាមមូលដ្ឋាន ហើយក្រុមការងារ និងសមាជិកគណបក្សស្រុកបាកានទាំងអស់និងរួមគ្នាឆ្ពោះទៅកាន់ជ័យជម្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តិទី៥ ខាងមុខនេះ ៕
អត្ថបទ៖ ពៅ ភិរុណ