ភ្នំពេញ ៖ យោងតាមរបាយការណ៍ការងារក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការចុះបញ្ជីក្រុមហ៊ុនថ្មី និងការិយាល័យពាណិជ្ជកម្ម ព្រមទាំងការពង្រីកសាខាក្រុមហ៊ុនបរទេសក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បានកើនឡើងរហូតដល់១០៧,៣% ដែលមានចំនួនសរុប៤,៥៣៤ក្រុមហ៊ុន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនគឺមានតែចំនួន ២,១៩០ ក្រុមហ៊ុន។
របាយការណ៍ដដែលដែលBTV ទទួលបាន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ចំណែកការចុះបញ្ជីសហគ្រាស និងក្រុមហ៊ុនបែបឯកបុគ្គលថ្មីក្នុងឆមាសទី១ ឆ្នាំនេះ មានចំនួនជាង១ពាន់សហគ្រាស កើនឡើងជាង១០០ភាគរយធៀបនឹងឆ្នាំមុន ដែលមានសហគ្រាសចុះបញ្ជី និងពង្រីកសាខាចំនួនជាង៤០០សហគ្រាសប៉ុណ្ណោះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មូលហេតុនៃកំណើនការចុះបញ្ជីថ្មីនៃក្រុមហ៊ុន សហគ្រាសទាំងនេះ ដោយសារតែប្រទេសកម្ពុជា បានបើកទូលាយនូវច្បាប់វិនិយោគ គួបផ្សំជាមួយបរិយាកាសវិនិយោគដ៏ល្អប្រសើរផងដែរ។
សូមរម្លឹកទៀតថា កាលពីឆ្នាំ២០១៥ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីថ្មីតាមប្រព័ន្ធអ៊ីនធើណេត (អនឡាញ) ដែលគិតរហូតមកទល់ពេលនេះ ការចុះបញ្ជីមានការកើនឡើងគួរឲ្យកត់សម្គាល់ និងល្អប្រសើរជាងមុន ដោយសារកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរ ខណៈដែលចរាចរណ៍ក្នុងស្រុកមានភាពកកស្ទះជារៀងរាល់ថ្ងៃ៕
