បាល់ទាត់៖ ជ័យលាភី World Cup ជាមួយអ៊ីតាលី Daniele de Rossi ទទួលបានតំណែងមួយក្នុងក្រុមការងារគ្រូបង្វឹកក្រុមជំរើសជាតិអ៊ីតាលី ជាមួយអ្នកចាត់ការលោក Roberto Mancini។

សហព័ន្ធបាល់ទាត់អ៊ីតាលីបានឲ្យដឹងថា Daniele de Rossi បានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយនឹងចាប់ផ្តើមការងារក្នុងការបង្វឹក ក្រុមជំរើសជាតិនៅថ្ងៃអាទិត្យនេះមុនការប្រកួតជំរុះ World Cup ដែលអ៊ីតាលីនឹងត្រូវជួបជាមួយអៀកឡង់ខាងជើង ប៊ុលហ្ការី និងលីទុយអានី។
រំលឹកថា Daniele de Rossi ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជំរើសជាតិអ៊ីតាលី ១១៧ប្រកួត និងឈ្នះជើងឯក FIFA World Cup ២០០៦ នៅលើទឹកដីអាល្លឺម៉ង់។ De Rossi បានចំណាយពេលស្ទើរពេញមួយអាជីពកីឡាករបាល់ទាត់របស់ខ្លួន ជាមួយក្លិបបាល់ទាត់ AS Roma និងបានចូលនិវត្តន៍ឆ្នាំមុន បន្ទាប់ពីចំណាយពេលខ្លីជាមួយក្លិបអាហ្សង់ទីន Boca Junior៕
អត្ថបទ៖នាង សុភាវុធ