អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយរបស់ពួកគេថា ចំនួនករណីនៃជំងឺ Ebola ដែលត្រូវបានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងដល់ ៧៨២ករណី ក្នុងនោះរួមមានអ្នកស្លាប់ ១៧៨ករណី ខណៈដែលការផ្ទុះឡើងបានរីករាលដាលដល់តំបន់សុខភាព ២បន្ថែមទៀត។
យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី១៤ ខែមិថុនា ឆ្នាំ២០២៦) ដោយអាជ្ញាធរសុខាភិបាលសាធារណៈរបស់ប្រទេសកុងហ្គោ បានឲ្យដឹងថា អ្នកឆ្លងថ្មីចំនួន ៧២ករណី ដែលបានត្រូវបានបញ្ជាក់ ដែលរួមទាំងអ្នកស្លាប់ ២៩នាក់ផងដែរ ត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ នៅក្នុងខេត្តភាគខាងកើត គឺ Ituri និង North Kivu។
ចំណែកតំបន់សុខភាពដែលរងផលប៉ះពាល់ថ្មីចំនួន ២ គឺតំបន់ Nia-Nia ក្នុងខេត្ត Ituri និងតំបន់ Mabalako ក្នុងខេត្ត North Kivu ដែលធ្វើឲ្យចំនួនសរុបនៃតំបន់សុខភាពដែលរងផលប៉ះពាល់ឡើងដល់ ៣១ ហើយ នៅទូទាំងខេត្តចំនួន ៣ គឺ Ituri, North Kivu និង South Kivu។ របាយការណ៍នេះ បានឲ្យដឹងថា អ្នកជំងឺសរុបចំនួន ៣៥៩នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ឬសម្រាកព្យាបាល នៅមន្ទីរពេទ្យ គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលអ្នកជំងឺ ៤០នាក់ បានជាសះស្បើយ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានរាយការណ៍ផងដែរពីករណីសង្ស័យចំនួន ១៣៦ករណី រួមទាំងការស្លាប់ ៤៩នាក់ កាលពីថ្ងៃសៅរ៍។ អ្នកដែលបានប៉ះពាល់សរុប ៦.២៧៥នាក់ កំពុងស្ថិតក្រោមការតាមដាន នៅក្នុងខេត្តដែលរងផលប៉ះពាល់ទាំង៣ ប៉ុន្តែមានតែ ៣.៥៤៨នាក់ប៉ុណ្ណោះ ដែលត្រូវបានទាក់ទងពិនិត្យ ដែលធ្វើឲ្យអត្រាតាមដានទំនាក់ទំនងសរុប នៅកម្រិត ៥៦,៥ភាគរយ ដែលទាបជាងគោលដៅ ៩៥ភាគរយ៕

