ប្រជាពលរដ្ឋលីបង់រស់នៅក្នុងទីក្រុងបេរូត បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេនៅថ្ងៃចន្ទនេះ ក្រោយក្រុមមន្រ្តីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ។
លោក Mustafa Ismail គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុងបេរូតនិយាយថា បទឈប់បាញ់នេះល្អខ្លាំងណាស់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺត្រូវអនុវត្តវាឲ្យបានខ្ជាប់ខ្ជួន ។
ចំណែកឯលោក Fouad Sarhan គឺជាពលរដ្ឋមួយរូបទៀត និយាយដែរថា ពាក់ព័ន្ធនឹងបទឈប់បាញ់នេះ បំណងព្រះបានក្លាយជាការពិតហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ពួកយើងមិនដែលជឿថា មានបទឈប់បាញ់ម្តងណានោះទេ ពីព្រោះថាបទឈប់បាញ់មានរយៈពេលជាច្រើនខែមកហើយ ប៉ុន្តែលីបង់នៅតែបន្តខ្ទេចខ្ទាំ លីបង់នៅតែរងការវាយប្រហារឥតឈប់ឈរពីអ៊ីស្រាអែល ។
សូមបញ្ជាក់ថា លីបង់បានក្លាយជាចំណុចខ្ទាស់ដ៏ធំមួយនៅក្នុងកិច្ចចរចា ក្នុងនោះអ៊ីស្រាអែល និងក្រុមហេសបូឡា ពុំបានអើពើនោះឡើយចំពោះការអំពាវនាវឲ្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំផ្សេងទៀតឲ្យបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមករបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕

