ក្រុមអាជ្ញាធរនៅភាគខាងត្បូងប្រទេសលីបង់បានព្រមានប្រជាជនដែលផ្លាស់ទីលំនៅដោយសារសង្គ្រាមរយៈពេលបីខែរវាងអ៊ីស្រាអែល និងហេសបូឡា កុំឲ្យប្រញាប់វិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃចន្ទ ១៥មិថុនានេះ ទោះបីជាមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ដើម្បីបញ្ចប់ជម្លោះកាន់តែទូលំទូលាយក៏ដោយ ខណៈអ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនដកកងទ័ពចេញពីភាគខាងត្បូងឡើយ។
ប្រទេសលីបង់បានរងគ្រោះពីការហៀរចេញនៃសង្គ្រាមដ៏សាហាវបំផុតពីជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ដោយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងមនុស្សប្រហែល១,២លាននាក់ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយសារការវាយលុករបស់អ៊ីស្រាអែលប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានបាញ់ប្រហារលើអ៊ីស្រាអែលដើម្បីគាំទ្រទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី២មីនា ឆ្នាំ២០២៦នេះ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១៥មិថុនានេះ ម៉ោងក្នុងស្រុក ហើយថា កិច្ចព្រមព្រៀងនេះបានអំពាវនាវឱ្យមាន "ការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅគ្រប់ទិសទី រួមទាំងនៅលីបង់ផងដែរ។
នៅភាគខាងត្បូងលីបង់ ជាទីកងកម្លាំងអ៊ីស្រាអែលបានកាន់កាប់តំបន់សន្តិសុខដែលប្រកាសដោយខ្លួនឯង ក្រុមប្រឹក្សាក្រុងបានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់ប្រជាពលរដ្ឋឱ្យពន្យារពេលការវិលត្រឡប់វិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋ។
Mona Mazeh ជាស្ត្រីដែលត្រូវបានបណ្តេញចេញពីលំនៅឋានក្នុងស្រុក ហាំរ៉ា (Hamra) ក្រុងបេរូត គ្មានគម្រោងភ្លាមៗដើម្បីត្រឡប់ទៅភូមិរបស់ខ្លួនវិញនៅជិតទីក្រុង តៃរ៉េ (Tyre)ភាគខាងត្បូងនោះទេ។ អ្នកស្រីបាននិយាយថា និយាយឲ្យត្រង់ទៅ ពួកគេស្ទាក់ស្ទើរ។ អ៊ីស្រាអែលមិនអាចទុកចិត្តបានទេ៕


