ប្រតិបត្តិករយន្តហោះ Skydive Kansas City និយាយថា អ្នកលោតឆ័ត្រយោង ១១នាក់ និងអ្នកបើកបរយន្តហោះម្នាក់ បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជនមួយគ្រឿងកាលពីថ្ងៃអាទិត្យ នៅទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក ។
តម្រួតផ្លូវហាយវ៉េរដ្ឋ Missouri និយាយថា ហេតុការណ៍ធ្លាក់យន្តហោះនេះ បានកើតឡើងនៅជិតអាកាសយានដ្ឋាន Butler Memorial ស្ថិតនៅចម្ងាយប្រហែល ១០០គ.ម ភាគខាងត្បូងទីក្រុង Kansas ។
លោក Justin Ewing គឺជាពលបាលតម្រួតផ្លូវហាយវ៉េរដ្ឋ Missouri និយាយថា ក្រុម NTSB និងក្រុម FAA កំពុងដឹកនាំការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុបណ្តាលឲ្យហេតុការណ៍ធ្លាក់យន្តហោះនេះ កើតឡើង ។
ចំណែកឯលោក Dennis Jacobs គឺអ្នកគ្រប់គ្រងអាកាសយានដ្ឋានស្តីទី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យន្តហោះម៉ាស៊ីន ១ បានហោះឡើងកាលពីវេលាម៉ោង ១១ និង ២០នាទីព្រឹក ម៉ោងក្នុងស្រុក ប៉ុន្តែវាមិនអាចហោះឡើងដល់រយៈកម្ពស់មើលឃើញនោះទេ មុនពេលវាបត់ឆ្វេងយ៉ាងលឿន និងធ្លាក់នៅចម្ងាយប្រហែល ២៧៤ម៉ែត្រប៉ុណ្ណោះ ពីផ្លូវរត់ ។
លោក Jacobs បន្តថា ក្រុម NTSB បានកំណត់អត្តសញ្ញាណយន្តហោះមួយនេះថា ជាប្រភេទយន្តហោះ Pacific Aerospace 750XL ។ ពួកគេថា របាយការណ៍ចុងក្រោយលើលទ្ធភាពបណ្តាលឲ្យយន្តហោះធ្លាក់ ត្រូវបានគេរំពឹងថា នឹងចំណាយពេលចន្លោះពី ១២ខែ ទៅ ២៤ខែ ៕

