ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានកោតសរសើររាជធានីភ្នំពេញ លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាប្លូ កាង (H.E . PABLO KANG) បានសំដែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដែលធ្វើឲ្យជំងឺរាតត្បាតនេះមិនរីករាលដាលធ្ងន់ធ្ងរ។ ការកោតសរសើរបែបនេះគឺបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ខណៈដែលឯកឧត្តម ប៉ាប្លូ កាង បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ប៉ាប្លូ កាង បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យអត្រានៃការឆ្លងជំងឺនេះមានលក្ខណៈធូស្រាល មិនធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនឡើយ។
ឯកឧត្តម ប៉ាប្លូ កាង ក៏បានបន្ថែមថា សម្រាប់អូស្ត្រាលីនឹងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវ័យឆ្លាតសម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីនេះ ឯកឧត្តម ប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងអំណរគុណ ចំពោះការជួយរបស់អូស្ត្រាលីទៅលើការសិក្សាលើការរៀបចំទីក្រុងវៃឆ្លាតឲ្យរាជធានីភ្នំពេញ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី ។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដាលីឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៧០ឆ្នាំមកហើយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



