រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បាននិយាយថា សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ជាមួយទីក្រុងតេអេរ៉ង់ ដោយអំពាវនាវឲ្យបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់។
ការលើកឡើងនេះ បានកើតឡើងក្នុងអំឡុងពេលមានការជជែកតាមទូរស័ព្ទដាច់ដោយឡែកពីគ្នារបស់លោក Abbas Araghchi ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA។
ទីភ្នាក់ងារសារព័ត៌មាននេះ បានបន្ថែមថា លោក Araghchi និងសមភាគីរបស់លោក ក៏បានសង្កត់ធ្ងន់ផងដែរ លើតម្រូវការក្នុងការរក្សាកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីសម្រេចបាននូវស្ថិរភាព និងសន្តិសុខ នៅក្នុងតំបន់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ត្រូវបានបញ្ចប់សព្វគ្រប់ហើយ។ កិច្ចព្រមព្រៀងនេះ រួមមានការបញ្ឈប់សង្គ្រាមលើគ្រប់សមរភូមិ ក្នុងនោះរួមទាំងប្រទេសលីបង់ផងដែរ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការបញ្ចប់ការបិទផ្លូវទឹកដោយសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់៕



