អនុប្រធានាធិបតី លោក JD Vance បាននិយាយនៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះថា លោករំពឹងថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបើកច្រកសមុទ្រ Hormuz ដោយគ្មានប្រព័ន្ធគិតថ្លៃឆ្លងកាត់ សម្រាប់រយៈពេលវែង។
លោក Vance បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC ក្នុងបទសម្ភាសន៍មួយថា៖ «ការរំពឹងទុករបស់យើង គឺថា ច្រកសមុទ្រនេះ នឹងត្រូវបានបើកឲ្យធ្វើចរាចរណ៍ដោយមិនគិតថ្លៃ សម្រាប់រយៈពេលវែង ហើយនោះជារឿងដែលយើងនឹងដោះស្រាយនៅក្នុងការចរចាបច្ចេកទេសទាំងនេះ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យមានការដឹកជញ្ជូនដោយមិនគិតថ្លៃឆ្លងកាត់ សម្រាប់រយៈពេល ៦០ថ្ងៃ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានឲ្យដឹងថា ច្រកសមុទ្រនេះនឹងត្រូវបានគ្រប់គ្រងដោយអ៊ីរ៉ង់ និងអូម៉ង់ ក្រោយបញ្ចប់រយៈពេលនោះ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងប្រទេសស្វីស។ លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបើកច្រកសមុទ្រ Hormuz ដោយមិនបង់ថ្លៃឆ្លងកាត់ ជាថ្នូរនឹងការបញ្ចប់ការបិទផ្លូវទឹក ចំពោះអ៊ីរ៉ង់។
លោក Vance បាននិយាយថា ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បានកើនឡើងរួចហើយ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ តែយ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយ CNBC មិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងនោះបានភ្លាមៗឡើយ៕