ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ១៥មិថុនាសប្ដាហ៍នេះថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមត្រូវបាន «ចុះហត្ថលេខារួចរាល់អស់ហើយ» ហើយច្រកសមុទ្រហ័រមូសនឹងបើកទាំងស្រុងនៅថ្ងៃសុក្រសប្ដាហ៍នេះ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ហើយប្រទេសទាំងពីរបាននិយាយថា បទឈប់បាញ់ជាអចិន្ត្រៃយ៍មិនទាន់ត្រូវបានចរចានៅឡើយទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នាវាដឹកប្រេងអ៊ីរ៉ង់បីគ្រឿង និងនាវាដឹកទំនិញពីរគ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីអាមេរិកបានដកការបិទផ្លូវទឹកដោយប្រើកងទ័ពជើងទឹករបស់ខ្លួន។
កិច្ចព្រមព្រៀងនេះនឹងពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយដែលបានប្រកាសនៅក្នុងខែមេសារយៈពេល ៦០ថ្ងៃទៀត និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលអ៊ីរ៉ង់បានបិទយ៉ាងជិត ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់កាលពីខែកុម្ភៈ ២០២៦នេះ។ក្រុមអ្នកចរចានឹងដោះស្រាយបញ្ហាលំបាកៗដូចជាអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងដំណាក់កាលបន្ទាប់។
លោក Trump បាននិយាយបន្ទាប់ពីលោកទៅដល់ប្រទេសបារាំងសម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៧ ឬ G7 ថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួចរាល់ហើយ។ លោកថា លោកអនុប្រធានាធិបតី JD Vance នឹងចូលរួមពិធីចុះហត្ថលេខាជាផ្លូវការនៅទីក្រុងហ្សឺណែវនៅថ្ងៃសុក្រ។
កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់បំផុតមួយដើម្បីដោះស្រាយជម្លោះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧.០០០ នាក់ ភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ និងបានធ្វើឱ្យទីផ្សារថាមពលសកលមានការប្រែប្រួល។

ប៉ុន្តែភាគច្រើនអំពីកិច្ចព្រមព្រៀងនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយថាតើបទប្បញ្ញត្តិរបស់កិច្ចព្រមព្រៀងនោះខុសពីបទឈប់បាញ់ខែមេសា ឬអត់នោះ គឺមិនច្បាស់លាស់ទេ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសរសេរលើបណ្តាញសង្គមថា អនុស្សរណៈនៃការយោគយល់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ គឺជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែបានកត់សម្គាល់ថា កិច្ចព្រមព្រៀងចុងក្រោយសម្រាប់បទឈប់បាញ់យូរអង្វែង មិនទាន់លេចចេញជារូបរាងនៅឡើយទេ៕
