ការប្រកួតជុំទី១ ក្នុងពូល H នៃបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup 2026 បានបញ្ចប់ទៅដោយលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈក្រុមដែលគេគិតថាជាបេក្ខភាពប្រជែងជើងឯកអេស្ប៉ាញ ក៏ដូចជាអ៊ុយរូហ្កាយសុទ្ធតែបាត់បង់បីពិន្ទុ។

អេស្ប៉ាញដែលគេគិតជាបេក្ខភាពឈានមុខមួយក្នុងការប្រជែងជើងឯកឆ្នាំនេះ ត្រូវបានក្រុមវត្តមានដំបូងនៅ World Cup កាប់វែរទប់ស្មើដោយលទ្ធផល ០-០ ក្នុងការប្រកួតបើកឆាក។ ទោះបីជាត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងជាងក៏ដោយ អេស្ប៉ាញមិនអាចទម្លុះខ្សែការពារដ៏រឹងមាំរបស់គូប្រកួតបានឡើយ ជាពិសេសអ្នកចាំទីវ័យ ៤០ Vozinha ដែលបានក្លាយជាវីរៈបុរសសម្រាប់ក្រុមកាប់វែរ។

អេស្ប៉ាញដែលគ្រប់គ្រងការប្រកួតស្ទើតែទាំងស្រុងដល់ទៅ ៧៥ ភាគរយ មានឱកាសស៊ុតសរុប ២៧ លើកចំគោលដៅ ៧ លើកសុទ្ធតែសង្គ្រោះបានដោយ Vozinha។

ចំណែកការប្រកួតមួយទៀត អ៊ុយរូហ្គាយ និងអារ៉ាប៊ីសាអូឌីត បានចែកពិន្ទុគ្នាផងដែរ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងជំនួបដ៏ស្វិតស្វាញ។
ក្រុមជើងឯកពិភពលោក ២ សម័យអ៊ុយរូហ្កាយត្រូវរង់ចាំដល់នាទីទី ៨០ ទើប Maxi Araujo តាមស្មើបានសម្រេច បន្ទាប់ពីគ្រាប់នាំមុខរបស់ Abdulelah Al Amri នាំមុខឱ្យអារ៉ាប៊ីសាអ៊ូឌីតតាំងពីនាទីទី ៤១។

ក្រោយបញ្ចប់ការប្រកួតជុំទី១ ពូល H មានស្ថានភាពប្រកួតប្រជែងខ្លាំង ដោយក្រុមទាំងបួនរួមមាន អ៊ុយរូហ្គាយ អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ និងកាប់វែរសុទ្ធតែមាន ១ ពិន្ទុស្មើគ្នា មានន័យថាឱកាសប្រជែងកៅអីវគ្គបន្តនៅមានតុល្យភាពទាំងបួនក្រុម។
សម្រាប់ការប្រកួតជុំទី២ ដែលអាចកំណត់ទិសដៅនៃពូលនេះ អេស្ប៉ាញនឹងត្រូវជួបអារ៉ាប៊ីសាអូឌីត ខណៈអ៊ុយរូហ្គាយត្រូវជួបកាប់វែរ៕ អត្ថបទ៖នាង សុភាវុធ
