ក្រុមមេដឹកនាំនៃក្រុមប្រទេស G7 បានជួបជុំគ្នានៅជើងភ្នំអាល់របស់ប្រទេសបារាំង (French Alps )សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន។មេដឹកនាំទាំងនោះនឹងដោះស្រាយបញ្ហាសកល រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្វាគមន៍មេដឹកនាំ G7 នៅទីក្រុង Evian កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៧ បានពិភាក្សាអំពីបញ្ហាប្រឈមសកលបច្ចុប្បន្ននៅក្នុងពិធីទទួលទានអាហារការងារពេលល្ងាច។

នៅពេលលោក Macron បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump មុនពេលកិច្ចប្រជុំកំពូល លោកបានស្វាគមន៍កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ លោក Macron បាននិយាយថា ពួកលោកត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកចំណែកដ៏ត្រឹមត្រូវរបស់ខ្លួន និងក្លាយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ដើម្បីគាំទ្រកិច្ចព្រមព្រៀងនេះ។
លោក Macron ក៏បាននិយាយផងដែរថា ប្រទេសបារាំងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូននាវាផ្ទុកយន្តហោះ Charles de Gaulle និងនាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ក្នុងរយៈពេលពីរបីថ្ងៃទៀត។
កិច្ចប្រជុំរយៈពេលបីថ្ងៃនេះក៏នឹងផ្តោតលើបញ្ហាសន្តិសុខសេដ្ឋកិច្ចផងដែរ ដូចជាការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់រ៉ែសំខាន់ៗ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ១៥ មិថុនា ថា លោកមាន «ការសន្ទនាដ៏ល្អ» ជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ១៤ មិថុនា ហើយមេដឹកនាំទាំងពីរហាក់ដូចជាបើកចំហរក្នុងការធ្វើអ្វីមួយអំពីសង្គ្រាមនៅអ៊ុយក្រែន។
លោក Zelenskyy នឹងចូលរួមជាមួយក្រុមមេដឹកនាំ G7 នៅទីក្រុង Evian-les-Bains នៅថ្ងៃអង្គារ ១៦ មិថុនានេះ សម្រាប់កិច្ចប្រជុំស្តីពីការកសាងសន្តិភាព និងសន្តិសុខនៅអ៊ុយក្រែន៕

