មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ថា នាវានឹងធ្វើដំណើរដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើយ ក្រោមកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងបានទទូចថា ទីក្រុងតេអេរ៉ង់ នឹងត្រូវបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន មុនពេលទទួលបានប្រយោជន៍សេដ្ឋកិច្ចណាមួយ។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក Trump បាននិយាយតាមប្រព័ន្ធទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា លទ្ធភាពមូលនិធិកសាងឡើងវិញចំនួន៣០០ពាន់លានដុល្លារអាមេរិកអាចត្រូវបានដាក់បញ្ចូលសម្រាប់ប្រទេសដែលរងការវាយប្រហារដោយសង្គ្រាម ប៉ុន្តែការបញ្ចេញមូលនិធិនឹងត្រូវបាន «ភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែ»។

មន្ត្រីបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Trump អនុប្រធានាធិបតីលោក JD Vance និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃអាទិត្យ។ មន្ត្រីអាមេរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកប្រធានាធិបតី មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយផ្ទាល់ ព្រោះលោកចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់លោកចំពោះដំណើរការនេះ។ កិច្ចពិភាក្សាបច្ចេកទេសដឹកនាំដោយលោក Vance នឹងចាប់ផ្តើមនៅសប្តាហ៍នេះ មុនពេលកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខ ក្នុងពិធីមួយដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការចុះហត្ថលេខា នឹងចាប់ផ្តើមរយៈពេល៦០ថ្ងៃ ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងព្យាយាមឈានដល់កិច្ចព្រមព្រៀងសន្តិភាពទ្រង់ទ្រាយធំ រួមទាំងបញ្ហាស្មុគស្មាញនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។