រុស្ស៊ី៖ កាលពីថ្ងៃចន្ទ ប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ការចរចាសន្តិភាពជាមួយប្រទេសអ៊ុយក្រែននឹងបន្ត ខណៈព្រមានពីគ្រោះថ្នាក់ពិតប្រាកដនៃសង្គ្រាមលោកលើកទី៣។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី លោកបានរិះគន់វិធីសាស្ត្ររបស់រដ្ឋធានី Kyiv ក្នុងការចរចា ដោយបន្ថែមថាឆន្ទៈស្មោះត្រង់មានដែនកំណត់។ ប៉ុន្តែបើវាមិនទទួលបានផលត្រឡប់មកវិញទេនោះ មិនអាចជួយដល់ដំណើរការចរចាបានឡើយ។ ប៉ុន្តែយើងកំពុងបន្តចូលរួមក្នុងការចរចាជាមួយក្រុមគណៈប្រតិភូ របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ហើយការទំនាក់ទំនងទាំងនេះនឹងបន្តទៅមុខ។ យ៉ាងណាក៏ដោយលោក Lavrov បានចោទប្រកាន់អតីតតារាកំប្លែង Zelensky ពីបទធ្វើជាលេសចង់ចរចា។

លោកថា លោក Zelensky គឺជាកំពូលតារាសម្ដែង។ ខណៈមានភាពតានតឹងខ្លាំងនៅពេលបច្ចុប្បន្ន លោក Lavrov បាននិយាយថា គ្រោះថ្នាក់នៃសង្គ្រាមលោកលើកទី៣ គឺមានពិតប្រាកដ។ ប្រមុខការទូតរុស្ស៊ីរូបនេះបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ថា គ្រោះថ្នាក់គឺមានពិតប្រាកដមែន វាពិតជាមានមែន អ្នកមិនអាចមើលស្រាលបានទេ៕
អត្ថបទ៖ សុខមាន