ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា អ៊ីរ៉ង់បានយល់ព្រមថា នឹងមិនទទួលបានអាវុធនុយក្លេអ៊ែរឡើយ ទោះបីជាព័ត៌មានលម្អិតទាក់ទងនឹងអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នដែលបានព្រមព្រៀងគ្នារវាងប្រទេសទាំងពីរនៅតែមិនច្បាស់លាស់ក៏ដោយ។ មេដឹកនាំអាមេរិកក៏បានព្យាយាមធ្វើឱ្យមានការសង្ស័យលើការទទួលបានមូលនិធិកសាងឡើងវិញចំនួន៣០០ ពាន់លានដុល្លារជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើសាធារណរដ្ឋអ៊ីស្លាមមួយនេះគោរពកាតព្វកិច្ចរបស់ខ្លួន ផងដែរ។

លោក Trump បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញសង្គម Truth Social របស់លោកថា អ៊ីរ៉ង់បានយល់ព្រមថានឹងមិនឲ្យមានអាវុធនុយក្លេអ៊ែរទេ! ជាងនេះទៅទៀត រឿងរ៉ាវដែលថាអាមេរិកកំពុងបង់ប្រាក់ឱ្យអ៊ីរ៉ង់ចំនួន៣០០ លានដុល្លារគឺជាព័ត៌មានក្លែងក្លាយ ដែលបំផ្លើសដោយពួកជ្រុលនិយម។

ព័ត៌មានលម្អិតដែលមានទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រេចបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បង្ហាញថា វារួមបញ្ចូលទាំងលទ្ធភាពនៃការដោះលែងមូលនិធិដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ ការបន្ធូរបន្ថយទណ្ឌកម្ម និងមូលនិធិចំនួន៣០០ ពាន់លានដុល្លារដើម្បីជួយកសាងអ៊ីរ៉ង់ឡើងវិញ ប្រសិនបើទីក្រុងតេអេរ៉ង់បំពេញតាមលក្ខខណ្ឌជាក់លាក់។

លោក Trump ក៏មិនទាន់បានពន្យល់ពីរបៀបដែលកិច្ចព្រមព្រៀងរបស់លោកនឹងដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ រួមទាំងអ្នកណានឹងទទួលបន្ទុកផ្ទៀងផ្ទាត់ថាអ៊ីរ៉ង់គោរពតាម និងអ្នកណានឹងបំផ្លាញ ឬដកយកអ៊ុយរ៉ានីញ៉ូមបានចម្រាញ់រួច ដែលគេជឿថាត្រូវបានកប់នៅក្រោមទីតាំងរោងចក្រនុយក្លេអ៊ែរនានាដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីរដូវក្តៅមុន។
ច្បាប់ចម្លងនៃឯកសារនេះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។ អនុប្រធានាធិបតីអាមេរិក JD Vance បានប្រាប់ ទូរទស្សន៍ ABC News ថា សេតវិមាននឹងចេញផ្សាយអត្ថបទនៅសប្តាហ៍នេះ៕