នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និយាយថា កងកម្លាំងអ៊ីស្រាអែលនឹងរក្សា «តំបន់សន្តិសុខ» នៅក្នុងដែនដីប៉ាឡេស្ទីន ប្រទេសស៊ីរី និងប្រទេសលីបង់ ដែលបានចូលកាន់កាប់។ ការលើកឡើងដូច្នេះធ្វើឡើងក្នុងពេលមានសំណួរអំពីថាតើអ៊ីស្រាអែលនឹងយល់ស្របតាមកិច្ចព្រមព្រៀងតំបន់ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែរឬយ៉ាងណា។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្តេជ្ញាថាអ៊ីស្រាអែលនឹងបន្តការកាន់កាប់ទឹកដីលីបង់ និងស៊ីរី ទោះបីជាមានការប្រកាសអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងអរិភាពទាំងនោះ ក៏ដោយ។

លោក Netanyahu បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល នឹងនៅតែស្ថិតក្នុងប្រទេសលីបង់ នៅកន្លែងដែលខ្លួនកាន់កាប់ទឹកដីប្រហែល៥៧០គីឡូម៉ែត្រក្រឡា។ ជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់គាំទ្រដោយប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សជាង៣.០០០នាក់។ លោក Netanyahu បានប្រាប់អ្នកសារព័ត៌មានថា «យើងនឹងស្ថិតនៅក្នុងតំបន់សុវត្ថិភាពប្រទេសលីបង់ឱ្យបានយូរតាមដែលចាំបាច់»។ យោងតាមព័ត៌មានលម្អិតដែលមិនត្រូវបានបញ្ជាក់ ប្រទេសលីបង់នឹងត្រូវបានគ្របដណ្តប់នៅក្នុងកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រខាងមុខ ហើយការអត្ថាធិប្បាយរបស់លោក Netanyahu ទំនងជានឹងបន្ថែមសម្ពាធដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលផុយស្រួយរួចទៅហើយ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shebaz Sharif ដែលបានប្រកាសពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអាទិត្យ បាននិយាយថា អនុស្សរណៈនៃការយោគយល់នឹងរួមបញ្ចូល «ការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅគ្រប់ផ្នែកទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់»។