អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃចន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស បានជំរុញឲ្យអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ឈប់ការប្រយុទ្ធគ្នា។

អ្នកនាំពាក្យ Stephane Dujarric បាននិយាយនៅពេលសួរអំពីសាររបស់លោក ហ្គុយតឺរេស ខណៈដែលមានការលើកឡើងផ្ទុយគ្នាអំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា៖«សារនេះ គឺជំរុញឲ្យបញ្ឈប់ការប្រយុទ្ធគ្នា»។
សម្រាប់ក្រុមហេសបូឡា លោក Dujarric បាននិយាយថា សារនេះ គឺ«ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលលីបង់មានអាទិភាពនៃការគ្រប់គ្រងអាវុធ និងអំណាច នៅទូទាំងទឹកដីរបស់ខ្លួន និងឲ្យអ៊ីស្រាអែលគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់»។

លោកបានបន្ថែមថា៖«យើងពិតជាចង់ឃើញការបញ្ចប់នូវការប្រយុទ្ធគ្នា ដូច្នេះប្រជាជនលីបង់រាប់រយរាប់ពាន់នាក់ដែលចង់ត្រឡប់ទៅផ្ទះសម្បែងវិញ អាចត្រឡប់ទៅផ្ទះសម្បែងវិញ ដើម្បីចាប់ផ្តើមកសាងឡើងវិញ ហើយអ្នកដែលនៅអ៊ីស្រាអែល ក៏អាចត្រឡប់ទៅផ្ទះសម្បែងនៅភាគខាងជើងវិញផងដែរ»។
លោក Dujarric បានបញ្ជាក់ថា អង្គការសហប្រជាជាតិ មិនទាន់បានឃើញអត្ថបទនៃកិច្ចព្រមព្រៀងនេះនៅឡើយទេ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកអគ្គលេខាធិការមានទស្សនៈថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ឈូងសមុទ្រ ត្រូវធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីធានាថាសន្តិភាព នឹងស្ថិតស្ថេរ៕