ស៊ីហ្គេម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអនុញ្ញាតឲ្យប្រតិភូ ថ្នាក់ដឹកនាំកីឡា គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកកម្ពុជាប្រមាណ ៥៥០នាក់ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច មុនចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសានេះនៅសាលពិព័រណ៍កោះពេជ្រ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជារូបនេះបានចាត់ទុកនេះគឺជាពេលវេលាដ៏សំខាន់ ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យប្រតិភូ និងអត្តពលិកចូលជួបសម្ដែងការគួរសម គោរពជម្រាបលា និងទទួលអនុសាសន៍ណែនាំរបស់សម្ដេចដូចរៀងរាល់ឆ្នាំដែរ ដែលសម្ដេចតែងតែផ្ដល់នូវការលើកទឹកចិត្តមុនចេញទៅដំណើរចូលរួមការប្រកួតក្រៅប្រទេស។

សូមបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយគ្រោងបើកការប្រកួតផ្លូវការពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខដោយម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ប្រភេទដាក់ក្នុងកម្មវិធីប្រកួត ខណៈកម្ពុជានឹងបញ្ជូនអត្តពលិក ៣៣ប្រភេទកីឡាចូលរួមដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៥៥០នាក់។ ក្នុងចំណោមអត្តពលិកទាំងអស់ មានប្រភេទកីឡាមួយចំនួនត្រូវធ្វើការប្រកួតមុនពិធីបើក ជាក់ស្ដែងកីឡាបាល់ទាត់ដែលត្រូវចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី០៦-ឧសភា និងត្រូវចេញដំណើរទៅមុននាដើមខែក្រោយ៕
អត្ថបទ៖ លី ឈុនឡា