អេឡិចត្រូនិច៖ ការប្រកួតកីឡាអេឡិចត្រូនិចលីគអាជីពដ៏ធំ MPL-KH រដូវកាលឆ្នាំ២០២២ វគ្គ Spring Split បានបញ្ចប់ហើយក្រោយដំណើរការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្ររយៈពេល ២ថ្ងៃដ៏ស្វិតស្វាញកាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុម Impunity KH បានក្លាយជាជើងឯកអមជាមួយប្រាក់រង្វាន់ ១៦,០០០ដុល្លារ បន្ទាប់ពីយកឈ្នះក្រុមខ្លាំង See You Soon ដោយលទ្ធផល ៣-០ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ក្រោយចប់ការប្រកួតលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានគូសបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ លោកសង្កេតឃើញថា ក្រុមចូលរួមប្រកួតប្រជែង MPL-KH ឆ្នាំនេះមានភាពរីកចម្រើនកាន់តែខ្លាំងពិសេសសន្ទុះអ្នកគាំទ្រ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា វិស័យកីឡាអេឡិចត្រូនិកម្ពុជាកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់។ តាមរយៈនេះក្នុងនាមសហព័ន្ធ លោកបានធ្វើការជំរុញដល់ក្រុមទាំងអស់ ទាំងក្រុមទទួលបានជ័យលាភី និងក្រុមពុំទទួលបានជ័យលាភីត្រូវបន្ដខិតខំហ្វឹកហាត់ និងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំង ដើម្បីត្រៀមចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសក្រុមជ័យលាភីដែលនឹងទទួលបានឱកាសចូលរួមប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខ ដែលទាមទារឲ្យយកចិត្តទុកដាក់ និងបង្កើនសមត្ថភាពបន្ថែមទៀត។
សម្រាប់ក្រុមជ័យលាភីនៃព្រឹត្តិការណ៍ MPL-KH វគ្គ Spring Split រដូវកាលឆ្នាំ២០២២ នេះគឺក្រុមជើងឯក Impunity KH បានទទួលប្រាក់រង្វាន់ ១៦,០០០ដុល្លារ ខណៈក្រុមជើងឯករង See You Soon ទទួលបានប្រាក់រង្វាន់ ៨,០០០ដុល្លារ ។ រីឯលេខ៣ ក្រុម Team Max ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារ និងលេខ៤ ក្រុម Burn X Flash ទទួលបានប្រាក់រង្វាន់ ៣,០០០ដុល្លារ។ ចំណែក ៤ក្រុមផ្សេងទៀតដែលឈានដល់វគ្គ ៨ក្រុមចុងក្រោយក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ដក្នុងមួយក្រុម ២ពាន់ដុល្លារផងដែរ៕
អត្ថបទ៖ លី ឈុនឡា